ខេត្ត​កំពង់ស្ពឺ​ ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ជាលើកដំបូង​

1

ដោយ​ រ៉ា​ណេត​

កំពង់ស្ពឺ​ ៖ នៅ​ត្រឹម​ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ នឹង​ផ្តើម​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ហើយ​ជាមួយ​គម្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជិត​កន្លះ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

វត្តមាន​ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​នៅក្នុង​ខេត្ត​កំពង់​មួយ​នេះ​ គឺជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​នោះ​ ។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១០​ ខែឧសភា​ នេះ​ថា​ ៖ «នៅ​ត្រឹម​ថ្ងៃទី២០​ ខែឧសភា​ ខាងមុខនេះ​ គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នឹង​ត្រូវ​សម្ពោធ​បើក​ការដ្ឋាន​ហើយ​ ក្រោម​ជំនួយ​របស់​សប្បុរសជន​ ដែល​គិតជា​ទឹកប្រាក់​ជិត ៤០ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​»។

លោក​បាន​បន្ត​ទៀត​ថា​ ៖ «កន្លងមក​នៅ​តំបន់​ដែល​ត្រូវ​សាងសង់​ស្ពាន​ថ្មើរជើង​ ដែល​ស្ថិត​ទីប្រជុំជន​ចំណតរថយន្ត​នៅ​ផ្សារ​កំពង់ស្ពឺ​នេះ​ គឺ​តែង​មាន​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​។

ដោយឡែក​ក្រោយពេល​មាន​ស្ពាន​អាកាស​ថ្មើរជើង​មួយ​នេះ​ វា​នឹង​ចូលរួម​កាត់បន្ថយ​បញ្ហា​ដែល​តែង​កើតមាន​បាន​មួយ​កម្រិត​។ ស្ពាន​មួយ​នេះ​មាន​កម្ពស់​ ៥,២ម៉ែត្រ​, ទំហំ​ទទឹង​ ៣ ម៉ែត្រ​ និង​មាន​ប្រវែង​ ៣០ម៉ែត្រ​ ដែល​ត្រូវ​ចំណាយពេល​សាងសង់​រយៈពេល​កន្លះ​ឆ្នាំ​ទើប​រួចរាល់​ជាស្ថាពរ​»។

លោក​ក៏បាន​បង្ហើប​ផង​ដែរ​ថា​ សម្រាប់​ថ្ងៃខាងមុខ​នេះ​ រដ្ឋបាល​ខេត្ត​នឹង​មាន​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២បន្ថែម​ទៀត​ ដែល​មាន​ទីតាំង​ស្ថិតនៅ​មុខ​វិទ្យាល័យ​កំពង់ស្ពឺ​ ហើយ​ទីតាំង​មួយ​កន្លែង​ទៀត​ស្ថិតនៅ​មុ​ខបណ្តុំ​រោងចក្រ​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here