ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុននឹងមិនផ្តល់ផលចំណេញខ្លាំងដល់វិនិយោគិនទេ ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាមួយប្រទេសចិនមានការកើនឡើង។
លោក Chinatsu Hani អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានអះអាងថា អត្រាផលចំណេញពីការវិនិយោគអចលនទ្រព្យអាចនឹងរួមតូច ពីព្រោះទំហំមូលធនបត្រទីផ្សារ(Cap rate)ទំនងជាមិនកើនឡើងទេ។
ធនាគារកណ្តាលជប៉ុន (BoJ) បានចាប់ផ្តើមបិទបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានក្នុងរយៈពេលជិតមួយទសវត្សរ៍របស់ខ្លួនកាលពីខែមីនា ឆ្នាំមុន ខណៈដែលសេដ្ឋកិច្ចជប៉ុនបានបង្ហាញសញ្ញានៃការងើបឡើងវិញ។
-->
ទោះបីជាអត្រាការប្រាក់មានកម្រិតខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំក្នុងរង្វង់០,៧៥ភាគរយយ៉ាងណាក្តី ក៏គោលនយោបាយរូបិយវត្ថុរបស់ប្រទេសជប៉ុននៅតែស្ថិតក្នុងចំណោមទីផ្សារទាក់ទាញបំផុតសម្រាប់បណ្តាអ្នកវិនិយោគ។
អត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិកស្ថិតក្នុងរង្វង់៣,៧៥ភាគរយ ខណៈអត្រាការប្រាក់របស់តំបន់ចាយប្រាក់អឺរ៉ូស្ថិតក្នុងរង្វង់២,១៥ភាគរយ ហើយអត្រាការប្រាក់គោលរបស់ចក្រភពអង់គ្លេសស្ថិតក្នុងរង្វង់៣,៧៥ភាគរយ។

ស្ថានភាពនេះបានជំរុញឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសជប៉ុនក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់បណ្តាវិនិយោគិន។ ការវិនិយោគអចលនទ្រព្យសរុបនៅឆ្នាំ២០២៥ ក្នុងប្រទេសជប៉ុន ត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់លើសពី៦ទ្រីលានយ៉េន (ប្រមាណ៣៨,៣ពាន់លានដុល្លារ)។នេះបើយោងតាមក្រុមហ៊ុន CBRE។
ក្រៅពីគោលនយោបាយអត្រាការប្រាក់ ភាពតានតឹងរវាងប្រទេសចិន និងជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់អាសុី ក៏អាចជះផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យ និងវិស័យទេសចរណ៍ផងដែរ រួមទាំងសណ្ឋាគារ និងហាងលក់រាយតាមដងផ្លូវធំៗ៕ប្រភព: SCMP៕
