ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានឱ្យដឹងថា កំណើននៃការវិនិយោគរបស់បណ្តាអ្នកវិនិយោគចិនដីគោកនឹងជំរុញឱ្យទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ទីក្រុងហុងកុងងើបឡើងវិញនៅក្នុងឆ្នាំ២០២៦។
ក្រុមហ៊ុន Colliers បានបន្តថា លំហូរទុនវិនិយោគពីអ្នកវិនិយោគចិនដីគោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំនៅត្រីមាសទី៤ ឆ្នាំ២០២៥ ហើយទំហំកិច្ចព្រមព្រៀងនៅឆ្នាំ២០២៦ អាចនឹងកើនឡើង១០ភាគរយ។
ដោយឡែក ចំពោះផ្នែកលំនៅឋានប្រណីត លំហូរដើមទុនវិនិយោគពីចិនដីគោកបានគ្របដណ្តប់ចំណែកចំនួនប្រមាណ៨០ភាគរយនៃការទិញផ្ទះ ដែលមានតម្លៃលើសពី១០០លានដុល្លារហុងកុងនៅក្នុងគម្រោង The Peak ។នេះបើយោងតាមភ្នាក់ងារអចលនទ្រព្យ Centaline Property Agency។

ក្រុមហ៊ុន Colliers បានឱ្យដឹងទៀតថា ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំមុន លំហូរដើមទុនពីចិនដីគោកកាន់កាប់ចំណែកប្រមាណ៦០ភាគរយនៃកិច្ចព្រមព្រៀងធំៗ របស់ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក្នុងទីក្រុងហុងកុង។
លោក Thomas Chak អ្នកជំនាញនៅក្រុមហ៊ុន Colliers Hong Kong បានអះអាងថា ឆ្នាំ២០២៥ ជាចំណុចរបត់មួយសម្រាប់ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ទីក្រុងហុងកុង ដោយការវិនិយោគសរុបបានកើនឡើង១២ភាគរយដល់៣៩ពាន់លានដុល្លារហុងកុង។
លោក Chak រំពឹងថា សន្ទុះនេះនឹងឈានចូលដល់ឆ្នាំ២០២៦ ហើយយើងរំពឹងថា ការវិនិយោគនឹងកើនឡើងកាន់តែលឿន ខណៈបណ្តាអ្នកវិនិយោគងាកទៅចាប់យកឱកាសនៃការកំណត់តម្លៃឡើងវិញ (Repricing)៕ប្រភព: SCMP៕







