ដោយ: សហសេវិក
អន្តរជាតិ: សេតវិមានបានអះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយក្នុងគោលបំណងទប់ស្កាត់បណ្តាអ្នកវិនិយោគនៅផ្សារហ៊ុន Wall Street ពីការប្រកួតប្រជែងជាមួយអ្នកទិញផ្ទះជាលក្ខណៈបុគ្គល។
លោក ត្រាំ បានលើកឡើងថា នេះជាគោលនយោបាយដើម្បីជំរុញការផ្គត់ផ្គង់លំនៅឋានសម្រាប់ពលរដ្ឋអាមេរិក ហើយបណ្តាវិនិយោគិនធំៗមិនគួរប្រកួតប្រជែងទិញផ្ទះទោល(single family home) ជាមួយអ្នកទិញផ្ទះជាលក្ខណៈបុគ្គលនោះទេ។
លោក ត្រាំ កំពុងព្យាយាមដោះស្រាយកង្វល់អំពីលទ្ធភាពទិញផ្ទះ មុនការបោះឆ្នោតសភានៅឆ្នាំនេះ ដោយបានជំរុញសំណើគោលនយោបាយសំខាន់ៗមួយចំនួន ក្នុងគោលបំណងជំរុញលទ្ធភាពទិញផ្ទះ និងកាត់បន្ថយថ្លៃចំណាយលើការរស់នៅ។
-->
រដ្ឋបាលរបស់លោក ត្រាំ បានចេញសេចក្តីណែនាំក្នុងរយៈពេល៦០ថ្ងៃ ដើម្បីរឹតបន្តឹងការលក់ផ្ទះទោលទៅឱ្យអ្នកវិនិយោគ។ លោក ត្រាំ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងរតនាគារឱ្យពិនិត្យ និងកែសម្រួលច្បាប់គ្រប់គ្រងវិនិយោគិនធំៗ ដែលទិញ ឬកាន់កាប់ផ្ទះទាំងនេះផងដែរ។

លើសពីនេះ បទបញ្ជានេះតម្រូវឱ្យក្រសួងយុត្តិធម៌ និងគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ ពិនិត្យមើលការទិញយកផ្ទះទោលដោយបណ្តាវិនិយោគិនធំៗ ក្នុងគោលបំណងដើម្បីផ្តល់អាទិភាពដល់អ្នកទិញផ្ទះជាលក្ខណៈបុគ្គល។
គិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ មក បណ្តាអ្នកវិនិយោគធំៗនៅផ្សារហ៊ុនអាមេរិក Wall Street ដូចជា ក្រុមហ៊ុន Blackstone ក្រុមហ៊ុន American Homes 4 Rent និងក្រុមហ៊ុន Progress Residential បានទិញផ្ទះទោលរាប់ពាន់ខ្នង៕ប្រភព: Bilyonaryo៕
