ដោយ: សហសេវិក
អន្តរជាតិ: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមគ្រោងដាក់ចេញគោលនយោបាយពន្ធ ដើម្បីទប់ស្កាត់ការទិញទុកចំណេញ (speculation) នៅក្នុងទីផ្សារលំនៅឋាន ដែលរងផលប៉ះពាល់ដោយសារការកើនឡើងនៃតម្លៃផ្ទះ។
ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមបានកើនឡើង ជាពិសេសលំហូរទុនវិនិយោគពីបរទេស (FDI) និងត្រូវបានជំរុញដោយកំណើនយ៉ាងឆាប់រហ័សនៃការផ្តល់ប្រាក់កម្ចីពីធនាគារ។
លំហូរ FDI ចូលក្នុងវិស័យអចលនទ្រព្យបានជំរុញឱ្យមានការទិញទុកចំណេញ ខណៈផ្ទះជាច្រើនបានស្ថិតនៅទំនេរចោលក្នុងរយៈពេលយូរ និងគ្មានអ្នករស់នៅ បន្ទាប់ពីត្រូវបានទិញរួច។
-->
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអំពាវនាវឱ្យមានវិធានការដើម្បីកាត់បន្ថយតម្លៃលំនៅឋាន ជាពិសេសអាផាតមុិន។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋវៀតណាម VTV។
លោក Chinh បានលើកឡើងថា លំនៅឋានជាតម្រូវការចាំបាច់ ហើយការទទួលបានសិទ្ធិស្មើគ្នាសម្រាប់ប្រជាពលរដ្ឋទាំងអស់ត្រូវតែធានា។ យ៉ាងណាមិញ លោកមិនបានគូសបញ្ជាក់ពីពេលវេលាពិតប្រាកដសម្រាប់ការដាក់ចេញវិធានការថ្មីនោះទេ។

យោងតាមក្រសួងសំណង់វៀតណាមបានឱ្យដឹងថា តម្លៃអាផាតមុិននៅក្នុងប្រទេសវៀតណាមបានកើនឡើងចន្លោះពី២០ភាគរយទៅ៣០ភាគរយកាលពីឆ្នាំមុន ខណៈដែលតម្លៃដីឡូត៍បានកើនឡើងចន្លោះពី២០ភាគរយទៅ២៥ភាគរយ។
តម្លៃអាផាតមុិននៅតាមទីក្រុងធំៗក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុនបានកើនឡើងដល់ទំហំទឹកប្រាក់ជាមធ្យមចំនួន១០០លានដុង (ប្រមាណ៣.៨០៤ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Reuters៕
