ដោយៈ គង់ សូរិយា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ នឹងសម្រេចបានកំណើន៥ភាគរយ ជាមួយអតិផរណាទាប។
ធនាគារជាតិនៃកម្ពុជា (NBC) បានរាយការណ៍កាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចជាតិត្រូវបានគេព្យាករថា នឹងកើនឡើងប្រហែល៥ភាគរយនៅឆ្នាំនេះ ខណៈដែលអតិផរណាត្រូវបានគេរំពឹងថា ស្ថិតក្នុងកំនើន២.៣ភាគរយ ទោះបីជាមានភាពមិនប្រាកដប្រជាពីខាងក្រៅ និងសម្ពាធក្នុងស្រុកក៏ដោយ។
-->
របាយការណ៍ប្រចាំឆ្នាំត្រូវបានបង្ហាញ ក្នុងអំឡុងពេលសន្និបាតស្តីពី “ការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦” ក្រោមអធិបតីភាពរបស់លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅរាជធានីភ្នំពេញ។
របាយការណ៍នេះបានឱ្យដឹងថា គោលនយោបាយរូបិយវត្ថុនឹងបន្តអនុវត្តដោយប្រុងប្រយ័ត្ន ដើម្បីរក្សាស្ថិរភាពតម្លៃ និងធានាស្ថិរភាពអត្រាប្តូរប្រាក់ ដោយគាំទ្រដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងមូល។
ធនាគារជាតិក៏បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តពង្រឹងភាពធន់នៃប្រព័ន្ធធនាគារកម្ពុជា ដោយបង្កើនក្របខ័ណ្ឌបទប្បញ្ញត្តិបន្ថែមទៀត ពង្រឹងការត្រួតពិនិត្យផ្អែកលើហានិភ័យ និងការកែលម្អការត្រួតពិនិត្យ សំដៅធានាបាននូវភាពរឹងមាំ ជាបន្តបន្ទាប់របស់ស្ថាប័នហិរញ្ញវត្ថុ និងការពារស្ថិរភាពហិរញ្ញវត្ថុ។
លើសពីនេះ របាយការណ៍នេះបានរំលេចថា ប្រព័ន្ធទូទាត់ជាតិនឹងត្រូវបានធ្វើទំនើបកម្មជាបណ្តើរៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយរបស់រដ្ឋាភិបាល។
ធនាគារជាតិបានកត់សម្គាល់ថា ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទូទាត់ជាបន្តបន្ទាប់ ត្រូវបានគេរំពឹងថានឹងបង្កើនប្រសិទ្ធភាព ពង្រីកបរិយាបន្ន ហិរញ្ញវត្ថុ និងសម្រួលដល់ប្រតិបត្តិការឌីជីថល នៅទូទាំងសេដ្ឋកិច្ច។

ដើម្បីជំរុញបន្ថែមទៀតនូវទំនុកចិត្ត របស់សាធារណជនលើវិស័យហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា យន្តការការពារប្រាក់បញ្ញើ កំពុងត្រូវបានបង្កើតឡើងជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីពង្រឹងទំនុកចិត្តលើប្រព័ន្ធធនាគារ និងការពារអ្នកដាក់ប្រាក់បញ្ញើ។
នៅក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព របាយការណ៍នេះបានលើកឡើងថា សេចក្តីព្រាងចំណាត់ថ្នាក់ហិរញ្ញវត្ថុ ប្រកបដោយចីរភាព និងផែនទីបង្ហាញផ្លូវហិរញ្ញវត្ថុប្រកបដោយចីរភាព ត្រូវបានគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខនេះ។
គំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានសម្របជាមួយនឹងទិសដៅគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងលើកទឹកចិត្តដល់ការវិនិយោគ និងការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ។
ទោះបីជាមានទស្សនវិស័យវិជ្ជមានក៏ដោយ ធនាគារជាតិនៃកម្ពុជាបានក្រើនរំលឹកថា ហានិភ័យសេដ្ឋកិច្ចនៅតែខ្ពស់។ បញ្ហាប្រឈមខាងក្រៅ រួមមាន ភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលកំពុងបន្ត ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងកាន់តែខ្លាំងឡើង នៃការឆបោកតាមបច្ចេកវិទ្យា ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ។
នៅក្នុងស្រុក របាយការណ៍នេះបានគូសបញ្ជាក់ ពីភាពទន់ខ្សោយនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ ជាក្តីបារម្ភចម្បង រួមជាមួយនឹងផលប៉ះពាល់សេដ្ឋកិច្ច ដែលអាចកើតមាននៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលអាចជះឥទ្ធិពល ដល់លំហូរពាណិជ្ជកម្ម និងអារម្មណ៍វិនិយោគិន។
លោកស្រី ជា សិរី បានមានប្រសាសន៍ទៀតថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក នៅតែមិនប្រាកដប្រជា ដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងបន្ត លក្ខខណ្ឌហិរញ្ញវត្ថុដ៏តឹងរ៉ឹង និងអត្រាកំណើនសេដ្ឋកិច្ចខុសៗគ្នា នៅទូទាំងប្រទេស ដែលបន្តដាក់សម្ពាធយ៉ាងសំខាន់លើពាណិជ្ជកម្ម លំហូរវិនិយោគ និងទីផ្សារហិរញ្ញវត្ថុ។

លោកស្រីបានពន្យល់ថា “សម្ពាធទាំងនេះប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែលជាបញ្ហាប្រឈមសម្រាប់អ្នកធ្វើគោលនយោបាយ និងវិនិយោគិន ខណៈដែលបានបញ្ជាក់ពីតម្រូវការសម្រាប់ប្រទេសនានា ក្នុងការសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងស្ថានភាពសកល ដែលកំពុងផ្លាស់ប្តូរដើម្បីរក្សាស្ថិរភាព”។
លោកស្រីបានសង្កត់ធ្ងន់ថា ការងើបឡើងវិញនៃពិភពលោក កំពុងរងការគំរាមកំហែងបន្ថែមទៀត ដោយការរីករាលដាលនៃឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាកាន់តែខ្លាំងឡើង រួមទាំងសកម្មភាពធនាគារមិនស្របច្បាប់ និងបទល្មើសក្លែងបន្លំតាមអនឡាញ ដែលកំពុងកើនឡើង ដែលបានធ្វើអោយប៉ះពាល់ ដល់ការយល់ឃើញនៃប្រព័ន្ធហិរញ្ញវត្ថុ។
លោកស្រីបានបញ្ជាក់ថា “ឆ្ពោះទៅឆ្នាំ២០២៦ កម្ពុជានឹងត្រូវដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយសកម្ម ខណៈដែលចាប់យកឱកាសថ្មីៗ ដោយផ្តោតលើពហុភាគីសេដ្ឋកិច្ចនិយម ការវិនិយោគបន្តលើហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មតំបន់ និងសកលកាន់តែស៊ីជម្រៅ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច រយៈពេលមធ្យមប្រកបដោយចីរភាព”។
លោកស្រីបានបន្ថែមថា NBC នឹងបន្តពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ លើកកម្ពស់ការយល់ដឹង ធ្វើកម្មវិធីបណ្តុះបណ្តាល និងបង្កើនវិធានការដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មប្រកបដោយប្រសិទ្ធភាពនៅទូទាំងវិស័យហិរញ្ញវត្ថុ។
អត្រាអតិផរណាទូទៅរបស់កម្ពុជា បានកើនឡើងដល់២.៥ ភាគរយនៅឆ្នាំ២០២៥ បន្ទាប់ពីកម្រិតទាបបំផុត០.៨ភាគរយ នៅឆ្នាំ ២០២៤ ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍។
ការកើនឡើងនេះ ត្រូវបានជំរុញដោយឥទ្ធិពលមូលដ្ឋានទាបពីឆ្នាំមុន និងការកើនឡើងនៃតម្លៃម្ហូបអាហារ នៅដើមឆ្នាំ២០២៥ ទោះបីជាការធ្លាក់ចុះជាបន្តបន្ទាប់ នៃតម្លៃប្រេងឆៅសកល បានជួយកាត់បន្ថយសម្ពាធអតិផរណាទាំងមូលក៏ដោយ។
ជម្លោះព្រំដែនកម្ពុជា-ថៃក៏បានរួមចំណែកដល់ការកើនឡើងបន្តិចបន្តួច និងបណ្ដោះអាសន្ននៃតម្លៃទំនិញមួយចំនួន ជាពិសេសនៅតំបន់ជិតព្រំដែន ដោយសារការបិទព្រំដែន បានរឹតត្បិតការនាំចូលពីប្រទេសថៃ។
ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់នៃតម្លៃទាំងនេះ មានរយៈពេលខ្លី ដោយសារផលិតផលក្នុងស្រុក និងទំនិញដែលនាំចូលពីប្រទេសដទៃទៀតបានជំនួសទំនិញ ដែលត្រូវបានរឹតត្បិតយ៉ាងឆាប់រហ័ស។
លោក ឌុច ដារិន្ទ សេដ្ឋវិទូបានប្រាប់កាសែតក្នុងស្រុកមួយដែលផ្សាយជាភាសាអង់គ្លេស និងខ្មែរថា ការព្យាករណ៍នេះហាក់ដូចជាសមហេតុផល។
លោកបញ្ជាក់ថា “វាជារឿងវិជ្ជមាន ដែលយើងកំពុងមានកំណើនប្រហែល៥ភាគរយ ជាមួយនឹងអតិផរណា ដែលមានកម្រិតប្រហែល ២,៣ ភាគរយ។ លោកបន្ថែមថា “វាបង្ហាញថា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច នៅតែបន្តមានមូលដ្ឋានល្អ ចំពេលមានភាពមិនប្រាកដប្រជាទូទាំងពិភពលោក”។
លោកបានពន្យល់ថា ការព្យាករណ៍នេះ គឺស្របតាមគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដ៏ប្រុងប្រយ័ត្ន ដែលមានគោលបំណងរក្សាស្ថិរភាពតម្លៃ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព។
ថ្លែងទៅកាន់កាសែតខ្មែរថាមស៍ លោកNiraj Gupta សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC)បានលើកឡើងថា ដោយសារអតិផរណាត្រូវបានព្យាករថានឹងមានចំនួន២.៣ភាគរយ នៅឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជាហាក់ដូចជាស្ថិតនៅលើផ្លូវត្រូវ។
លោកបានពន្យល់ថា ឧបករណ៍រូបិយវត្ថុតែមួយមុខ អាចគ្រប់គ្រងតម្រូវការបាន ប៉ុន្តែកម្ពុជានៅតែប្រឈមនឹងអតិផរណានាំចូល តម្លៃប្រេងឥន្ធនៈ និងវិបត្តិផ្គត់ផ្គង់ក្នុងតំបន់។
លោកបន្តថា “នេះហើយជាកន្លែងដែលការ សម្របសម្រួលមានសារៈសំខាន់”។ លោកបន្ថែមថា “វិន័យសារពើពន្ធ ស្ថិរភាពអត្រាប្តូរប្រាក់ និងការទំនាក់ទំនងច្បាស់លាស់ នឹងមានសារៈសំខាន់ដូចគ្នា នឹងសញ្ញាអត្រាការប្រាក់ដែរ”៕
