តើកម្ពុជាអនុវត្តន៍ពន្ធលើអចលនទ្រព្យសំខាន់ៗអ្វីខ្លះដែលលោក អ្នកគួរយល់ដឹង?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ និយាយពីពន្ធមានភាពស្មុគ្រស្មាញ និងរឿងឈឺក្បាលជាច្រើនសម្រាប់អ្នកនៅក្នុងវិស័យអចលនទ្រព្យ និងអាជីវកម្មផ្សេងៗ។

តើនៅកម្ពុជារដ្ឋាភិបាលអនុវត្តន៍ពន្ធអ្វីខ្លះលើអចលនទ្រព្យ? ពន្ធសំខាន់ៗរួមមាន ដូចជា ពន្ធលើអចលនវត្ថុ ពន្ធលើដីទំនេរ(ដីមិនបានប្រើប្រាស់) ពន្ធលើការផ្ទេរអចលនទ្រព្យ និងពន្ធលើការជួល ក៏ដូចជាពន្ធចំណេញមូលធន។ ​

ដូច្នេះក្នុងនាមជាអ្នកលក់​ អ្នកទិញ និងម្ចាស់អចលទ្រព្យ ​​ អ្នកគួរស្វែងយល់បន្ថែមអំពីពន្ធទាំងនេះ ដើម្បីជាចំណេះដឹងមូលដ្ឋានជៀសវាងរាល់ការចំណាយ និងការផាកពិន័យមិនចាំបាច់ផ្សេងៗ។

១ ពន្ធលើអចលនទ្រព្យ

ពន្ធលើអចលនទ្រព្យសំដៅលើពន្ធដី ផ្ទះ អគារ​​ ឬសំណង់ផ្សេងៗដែលសង់ជាប់ដី ដោយស្ថិតក្នុងទីតាំងជាក់លាក់ណាមួយ ក្នុងតំបន់ទីក្រុង។​​ ពន្ធនេះចាប់ផ្ដើមអនុវត្តន៍តាំងពីឆ្នាំ២០១១ ជាមួយនឹងអត្រាពន្ធ០.១ភាគរយ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃលើសពី១០០លានរៀល ឬស្មើនឹង២៥,០០០ ដុល្លារអាមេរិក។

តម្លៃទីផ្សារអចលនទ្រព្យ ត្រូវបានវាយតម្លៃដោយណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ ប្រភេទអចលនទ្រព្យមួយចំនួន ត្រូវបានលើកលែងដូចជា៖ ដីកសិកម្ម ដីរបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ អចលនទ្រព្យឧស្សាហកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងអគារដែលកំពុងសាងសង់ (សាងសង់ក្រោម៨០%) ហើយដែលមិនទាន់ត្រូវបានប្រើប្រាស់។

២ ពន្ធលើដីទំនេរ ឬដីមិនបានប្រើប្រាស់

ពន្ធលើ​ដីធ្លី​មិនបាន​ប្រើប្រាស់​នេះ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៩៦ ត្រូវបានកំណត់​លើដីប្រភេទលំនៅដ្ឋាន​ ដែល​គ្មាន​សំណង់ និង​ដី​ដែលមាន​សំណង់តែត្រូវបាន​បោះបង់​ ដែលស្ថិតនៅក្នុង​ទីក្រុង​នានា និង​ក្នុង​តំបន់ទាំងឡាយណា ដែល​កំណត់ដោយ​គណៈកម្មកា​រ​វាយតម្លៃ​ដី​មិនបាន​ប្រើប្រាស់។​

ពន្ធនេះត្រូវបានកំណត់ក្នុងអត្រា២% ទៅតាមតម្លៃទីផ្សារនៃដីក្នុងមួយម៉ែត្រការ៉េ។

ពន្ធប្រថាប់ត្រា​ (ពន្ធលើការផ្ទេរអចលនទ្រព្យ​)

ពន្ធប្រថាប់ត្រានេះត្រូវបានកំណត់ក្នុងអត្រា៤% ដោយ​គណៈកម្មកា​រ​វាយតម្លៃអចលនទ្រព្យ ផ្អែកតាមតម្លៃទីផ្សារទិញលក់ និងផ្ទេរកម្មសិទ្ធនៃអចលនទ្រព្យនោះ។ ជាទូទៅពន្ធនេះ គឺជាកាតព្វកិច្ចរបស់អ្នកទិញ ប៉ុន្តែអាចផ្លាស់ប្ដូរបានអាស្រ័យលើកិច្ចសន្យាទិញលក់ ហើយអ្នកជាប់ពន្ធត្រូវបង់ក្នុងអំឡុងពេល ៣ខែក្រោយពីការផ្ទេរកម្មសិទ្ធិ។

៤ ពន្ធលើឈ្នួលអចលនទ្រព្យ

ពន្ធលើការជួលអចលនទ្រព្យ ត្រូវបានអនុវត្តន៍លើប្រជាជនខ្មែរ និងជនបរទេស​ ដែលជាម្ចាស់នៃអចលនទ្រព្យដាក់ជួល​ ប៉ុន្តែត្រូវបានកំណត់អត្រាពន្ធកាត់ទុកផ្សេងគ្នា។ ចំពោះប្រជាជនខ្មែរត្រូវបង់ពន្ធកាត់ទុកចំនួន១០%​​ ចំណែកជនបរទេសត្រូវបង់ពន្ធ​១៤% ពីប្រាក់ចំណូ​ល ដែលពួកគេទទួលបានពីការជួលអចលនទ្រព្យជារៀងរាល់ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here