ដោយ: សហសេវិក
អន្តរជាតិ: តម្លៃជួលអាផាតមុិននៅសហរដ្ឋអាមេរិកនៅតែបន្តធ្លាក់ចុះរហូតដល់ឆ្នាំ២០២៦ ដោយសារការផ្គត់ផ្គង់បន្តកើនឡើង ហើយម្ចាស់ផ្ទះព្យាយាមដំឡើងថ្លៃ ដែលជាហេតុនាំឱ្យតម្រូវការជួលអាផាតមុិនមានការធ្លាក់ចុះ។
តម្លៃជួលអាផាតមុិនជាមធ្យមទូទាំងប្រទេសក្នុងខែមករាមានទំហំទឹកប្រាក់ចំនួន១.៣៥៣ ដុល្លារ ធ្លាក់ចុះ១,៤ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ តួលេខនេះជាការធ្លាក់ចុះក្នុងអត្រាខ្ពស់បំផុតប្រចាំឆ្នាំ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ និងជាតម្លៃជួលទាបបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២២។
អត្រាអាផាតមុិនទំនេរទូទាំងសហរដ្ឋអាមេរិកស្ថិតក្នុងរង្វង់៧,៣ភាគរយក្នុងខែមករា ឆ្នាំ២០២៦ ដែលជាកំណត់ត្រាខ្ពស់បំផុតមួយនៅលើសន្ទស្សន៍ Apartment List គិតចាប់តាំងពីឆ្នាំ២០១៧។ គេត្រូវចំណាយពេលជាមធ្យមចំនួន៤១ថ្ងៃដើម្បីស្វែងរកអ្នកជួលបាន កើនឡើង៤ថ្ងៃបើធៀបនឹងខែមករា ឆ្នាំ២០២៥។

ការផ្គត់ផ្គង់យូនីតអាផាតមុិនថ្មីៗកំពុងហូរចូលមកក្នុងទីផ្សារ ខណៈតម្រូវការនៅតែបន្តធ្លាក់ចុះ ដោយសារទីផ្សារការងារនៅសហរដ្ឋអាមេរិកកាន់តែមានភាពតានតឹង។នេះបើយោងតាមការចុះផ្សាយដោយកាសែត CNBC។
តម្លៃជួលអាផាតមុិនកំពុងធ្លាក់ចុះនៅតំបន់ភាគខាងត្បូងនៃសហរដ្ឋអាមេរិក ខណៈតម្លៃអាផាតមុិននៅតំបន់ភាគឦសាន តំបន់ Midwest និងផ្នែកខ្លះនៃឆ្នេរសមុទ្រភាគខាងលិចនៅតែបន្តកើនឡើង។ តួយ៉ាង តម្លៃជួលអាផាតមុិនជាមធ្យមនៅទីក្រុង Austin នៃរដ្ឋ Texas បានធ្លាក់ចុះ៦,៣ភាគរយក្នុងខែមករា ធៀបនឹងឆ្នាំមុន។
ចំណែក តម្លៃជួលអាផាតមុិននៅទីក្រុង Virginia Beach នៃរដ្ឋ Virginia សម្រេចបានកំណើនលឿនបំផុតក្នុងរង្វង់៥ភាគរយ តាមពីក្រោយដោយទីក្រុង San Jose ទីក្រុង San Francisco និងទីក្រុង Chicago៕ប្រភព: CNBC៕







