ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងសៀងហៃនៃប្រទេសចិនបានប្រកាសពីផែនការទិញផ្ទះប្រភេទទី២ (second-hand) សម្រាប់ប្រើប្រាស់ជាលំនៅឋានជួលសាធារណៈ ដើម្បីជួយរួមចំណែកក្នុងការធ្វើឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាពឡើងវិញ។
ទីក្រុងសៀងហៃមានគោលបំណងបំពេញតម្រូវការជួលពីប្រជាជនវ័យក្មេង រួមទាំងនិស្សិតមហាវិទ្យាល័យ និងប្រជាជន ដែលទើបផ្លាស់មករស់នៅទីក្រុងសៀងហៃនាពេលថ្មីៗ។ គំនិតផ្តួចផ្តើមនេះនឹងចាប់ផ្តើមដំបូងនៅក្នុងសង្កាត់ចំកណ្តាលទីក្រុង ដូចជា សង្កាត់ Pudong សង្កាត់ Jing’an និងសង្កាត់ Xuhui។
ក្រុមមន្ត្រីបានអះអាងថា ដោយមានការគាំទ្រពីធនាគារសំណង់ចិន(China Construction Bank) វិធានការនេះមានគោលដៅជំរុញលទ្ធភាពមានលំនៅឋាន ជំរុញសាច់ប្រាក់ងាយស្រួលក្នុងទីផ្សារ និងកាត់បន្ថយពេលវេលារង់ចាំសម្រាប់ការជួលលំនៅឋានសាធារណៈ។
-->
ក្រុមអ្នកវិភាគបានលើកឡើងថា យុទ្ធសាស្ត្រ ដែលរដ្ឋបាលទីក្រុងសៀងហៃបានដាក់ចេញនេះ អាចជួយធ្វើឱ្យទីផ្សារអចលនទ្រព្យដែលជួបការលំបាកមានស្ថិរភាព ក្នុងករណីដែលរដ្ឋាភិបាលចិនមិនដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចទ្រង់ទ្រាយធំ។

លោកស្រី Michelle Kwok ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យអាស៊ី និងភាគហ៊ុនហុងកុងនៅធនាគារ HSBC បានអះអាងថា ការដាក់ចេញជាប្រចាំនូវវិធានការរបស់អាជ្ញាធរមូលដ្ឋានមានសារៈសំខាន់ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃការលក់លំនៅឋានក្នុងរយៈពេលខ្លី។
លោក Edward Chan នាយកក្រុមហ៊ុន S&P Global Ratings បានមានប្រសាសន៍ឱ្យដឹងថា ការដាក់ចេញគោលនយោបាយទាំងនេះ មានគោលដៅចម្បងដើម្បីបង្កើនការផ្គត់ផ្គង់លំនៅឋានជួលសាធារណៈ។
លោកបន្ថែមថា គោលនយោបាយទិញផ្ទះប្រភេទទី២ ក៏អាចផ្តល់សាច់ប្រាក់ងាយស្រួលដល់ម្ចាស់ផ្ទះផងដែរ(homeowner)។ ប្រសិនបើម្ចាស់ផ្ទះទាំងនោះប្រើប្រាស់ប្រាក់ចំណូលដើម្បីទិញផ្ទះថ្មី នោះស្តុកលំនៅឋាន(inventory)នឹងត្រូវបានកាត់បន្ថយ៕ប្រភព: SCMP៕
