ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគអន្តរជាតិកាន់តែច្រើនឡើង ខណៈមូលដ្ឋានគ្រឹះរឹងមាំធ្វើឱ្យម៉ាឡេសុីក្លាយជាជម្រើសវិនិយោគដែលអាចទុកចិត្តបាន និងមានភាពទាក់ទាញ ជាពិសេសសម្រាប់វិនិយោគិនមកពីតំបន់អាស៊ី និងអឺរ៉ុប។
លោក Samuel Tan នាយកប្រតិបត្តិក្រុមហ៊ុន Olive Tree Property Consultants បានពន្យល់ថា ប្រទេសម៉ាឡេស៊ីបានកសាងទីផ្សារអចលនទ្រព្យដ៏ល្អបំផុតមួយនៅតំបន់អាស៊ី តាមរយៈអភិបាលកិច្ចល្អ ផែនការអភិវឌ្ឍន៍ច្បាស់លាស់ និងការបើកចំហទីផ្សារយ៉ាងទូលំទូលាយ។
លោកបានបញ្ជាក់បន្ថែមថា ភាពប្រាកដប្រជាជាគន្លឹះធ្វើឱ្យទីផ្សារអចលនទ្រព្យមានភាពរឹងមាំ។
-->
លោក Samuel Tan បានអះអាងបន្តថា ស្របពេលរដ្ឋាភិបាលម៉ាឡេសុីបន្តដាក់ចេញផែនការមេដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនានា ចំណាប់អារម្មណ៍របស់ជនបរទេសចំពោះទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងបន្តិចម្តងៗ។

ប្រទេសម៉ាឡេស៊ីជាទីផ្សារអចលនទ្រព្យដ៏លេចធ្លោ ព្រមទាំងមានស្ថិរភាព និងមានការប្រកួតប្រជែងនៅក្នុងតំបន់ ដោយសារភាពច្បាស់លាស់នៃច្បាប់ ដែលគ្របដណ្តប់លើភាពជាម្ចាស់កម្មសិទ្ធិ ការទិញ-លក់ និងការដោះស្រាយវិវាទអចលនទ្រព្យ។
ជាមួយគ្នានេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវហាយវេ ការពង្រីកបណ្តាញផ្លូវដែក និងអាកាសយានដ្ឋាន បានធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរ និងជួយទាក់ទាញបណ្តាអ្នកវិនិយោគ៕ប្រភព: New Strait Times៕
