ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានអញ្ជើញជាវាគ្មិន ក្នុងវេទិកាពន្ធដារកម្ពុជា ២០២៦ “ការលើកកម្ពស់អនុលោមភាព សារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា”។
វេទិកានេះ ត្រូវបានរៀបចំទ្បើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៦ និងត្រូវបានប្រារព្ធ ពិធីបើកក្រោមអធិបតីភាពរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកជា វុទ្ធីបានលើកទ្បើងនូវក្របខណ្ឌច្បាប់ស្តីពី វិនិយោគដែលត្រូវបានអនុម័ត កាលពីឆ្នាំ២០២១ និងអនុក្រឹត្យនៃការអនុវត្តច្បាប់នេះដែលមានភាពបើកចំហ និងគ្រប់ជ្រុងជ្រោយ ដែលការណ៍នេះ បានធ្វើឱ្យបរិស្ថានវិនិយោគនៅកម្ពុជា កាន់តែមានភាពទាក់ទាញ និងអំណោយផល។
ជាការកត់សម្គាល់ ការរួមផ្សំនៃកត្តាទាំងនេះ បានធ្វើឱ្យការវិនិយោគ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនទ្បើងយ៉ាងគំហុក។

បន្ថែមពីនេះ លោកអគ្គលេខាធិការក៏បានលើកទ្បើង ពីការលេចចេញនូវកន្សោមឧស្សាហកម្មមួយចំនួន ដូចជា កន្សោមឧស្សាហកម្មផ្គុំដំទ្បើងរថយន្ត ផលិតសំបកកង់រថយន្ត ផ្គុំដំទ្បើងកង់ និងគ្រឿងបង្គុំកង់…។ល។
លោកជា វុទ្ធីក៏បានលើកឡើងពីសក្តានុពល នៃឧស្សាហកម្មឈើដាំ ដែលនឹងមានតួនាទីដ៏សំខាន់ ក្នុងការផ្គត់ផ្គង់ជាធាតុចូលផលិតកម្មនៃការផលិតគ្រឿងសង្ហារិម បន្ទះក្តារវ៉ែនី និងក្តារប្លាកេដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។ ទន្ទឹមនេះ លោកអគ្គលេខាធិការក៏បានទាញចំណាប់អារម្មណ៍ របស់អង្គពិធីអំពីការគិតគូរ របស់រាជរដ្ឋាភិបាលលើការរៀបចំខ្សែច្រវាក់ តម្លៃឧស្សាហកម្មស្វាយចន្ទី ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីវិស័យដ៏មានសក្តានុពលនេះ។
លោកជា វុទ្ធីបានបន្ថែមថា ទន្ទឹមនឹងកំណើននៃការវិនិយោគយ៉ាងគំហុកនេះ ក៏មានបញ្ហាប្រឈមមួយចំនួនរបស់វិនិយោគិន ដែលទាមទារឱ្យមានការសម្របសម្រួល ស្វែងរកដំណោះស្រាយ និងការចូលរួមសហការពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការថែទាំវិនិយោគ បង្កើនទំនុកចិត្តបន្ថែម ពីសំណាក់សហគមន៍វិនិយោគ និងលើកកម្ពស់បរិយាកាសវិនិយោគ ក៏ដូចជាភាពប្រកួតប្រជែងរបស់កម្ពុជា៕








