ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកំពុងជំរុញការងារបន្ថែម ដើម្បីដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌អរូបីថ្មីៗរបស់ខ្លួន ក្នុងបញ្ជីរបស់អង្គការយូណេស្កូ ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ “មហាសង្ក្រាន្ដឆ្នាំថ្មី” ត្រូវបានរំពឹងថា អាចទទួលបានការចុះបញ្ជីផ្លូវការនៅចុងឆ្នាំនេះ។
លោក ស៊ំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ឯកសារបច្ចេកទេសសម្រាប់ពិធីអាពាហ៍ពិពាហ៍ ប្រពៃណីខ្មែរ និងពិធីបុណ្យមហាសង្ក្រាន្ដឆ្នាំថ្មី ត្រូវបានរៀបចំ និងបញ្ជូនស្របតាមនីតិវិធី របស់គណៈកម្មការអន្តររដ្ឋាភិបាល នៃអង្គការយូណេស្កូ ដើម្បីពិនិត្យដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។
-->
លោកបញ្ជាក់ថា “យើងកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំ ការវាយតម្លៃ ហើយមហាសង្ក្រាន្ដឆ្នាំថ្មី ទំនងជាអាចចុះបញ្ជីផ្លូវការនៅចុងឆ្នាំ នាខែធ្នូ ខណៈពិធីអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ អាចនឹងត្រូវពិនិត្យនៅឆ្នាំបន្ទាប់”។
លោកបន្ថែមថា កម្ពុជាក៏កំពុងសិក្សា និងរៀបចំឯកសារសម្រាប់បេតិកភណ្ឌវប្បធម៌ផ្សេងៗទៀត ដូចជាប្រពៃណីទាក់ទងនឹងនំបញ្ចុក និងពិធីបុណ្យអុំទូក ជាដើម ដែលបង្ហាញពីយុទ្ធសាស្ត្រទូលំទូលាយក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌអរូបីជាតិ។

យោងតាមអនុសញ្ញា ឆ្នាំ២០០៣ស្តីពី ការការពារបេតិកភណ្ឌវប្បធម៌អរូបី ជាទូទៅការចុះបញ្ជីមួយ ត្រូវការពេលយ៉ាងហោចណាស់ពីរឆ្នាំ ចាប់ពីដាក់ស្នើរហូតដល់ការសម្រេច ដោយអាស្រ័យលើដំណើរការវាយតម្លៃ និងចំនួនសំណុំឯកសារដែលត្រូវពិនិត្យ។
លោកស៊ំ ម៉ាប់ បានឱ្យដឹងទៀតថា ក្នុងមួយឆ្នាំ គណៈកម្មការអន្តររដ្ឋាភិបាលរបស់យូណេស្កូ អាចពិនិត្យចន្លោះពី៤០ ទៅ ៦០សំណុំឯកសារពីបណ្តាប្រទេសសមាជិក។

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពិធី “បុណ្យឆ្លងព្រះបទុមចេតិយ វត្តមណីរតនារាម” កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ថា “សង្ក្រាន្ដនៅកម្ពុជា” នឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបី ដើម្បីបំបាត់ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។
សម្តេចបញ្ជាក់ថា “ឥឡូវ ដើម្បីកុំឱ្យប្រជាពលរដ្ឋបារម្ភទៀត ថាថ្ងៃក្រោយតើយើងអាចប្រើពាក្យ សង្ក្រាន្ដ ឬធ្វើពិធីសង្ក្រាន្ដកម្ពុជាបានឬទេ? ខ្ញុំបានឱ្យក្រសួងវប្បធម៌ ត្រៀមឯកសារ ដើម្បីចុះបញ្ជីសង្ក្រាន្ដនៅកម្ពុជា ឱ្យរួចរាល់នៅឆ្នាំក្រោយនេះ”។
សម្តេចបានបន្ថែមថា ការដាក់សង្ក្រាន្ដកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌអរូបី គឺដើម្បីបញ្ចប់ការភាន់ច្រឡំផ្សេងៗ ពិសេសនៅពេលប្រពៃណីចូលឆ្នាំមានលក្ខណៈស្រដៀងគ្នាក្នុងតំបន់។
នាយករដ្ឋមន្ត្រីបញ្ជាក់ថា ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ គឺសមហេតុផល ក្នុងស្មារតីការពារវប្បធម៌ជាតិ ហើយកម្ពុជាមិនបានធ្វេសប្រហែសក្នុងការការពារអ្វី ដែលជាអត្តសញ្ញាណវប្បធម៌ខ្មែរនោះទេ ជាពិសេសសង្ក្រាន្ដនេះ គឺមិនមានអ្វីបាត់បង់នោះទេ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលគេស្គាល់ថា ជាពិធីមហាសង្ក្រាន្ដ ឬចូលឆ្នាំថ្មី ត្រូវបានប្រារព្ធនៅកណ្ដាលខែមេសា ដោយមានពិធីសាសនា ល្បែងប្រពៃណី តន្ត្រី និងការជួបជុំគ្រួសារទូទាំងប្រទេស។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការប្រារព្ធពិធីសង្ក្រាន្ដទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានទាក់ទាញប្រជាពលរដ្ឋរាប់សែននាក់ចូលរួម បង្ហាញពីមោទនភាពវប្បធម៌ ដែលកំពុងកើនឡើងក្នុងចំណោមយុវជន។
កម្ពុជាបានពង្រីកវត្តមានរបស់ខ្លួន ក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់យូណេស្កូជាបន្តបន្ទាប់ ចាប់តាំងពីអនុម័តអនុសញ្ញា ឆ្នាំ២០០៣ នៅឆ្នាំ២០០៦។
រហូតមកទល់ពេលនេះ មានបេតិកភណ្ឌចំនួន៧ ត្រូវបានចុះបញ្ជី រួមមាន របាំព្រះរាជទ្រព្យ ស្បែកធំ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្តែត ពិធីទាញព្រ័ត្រ គុនល្បុកតោ និងប្រពៃណីពាក់ព័ន្ធនឹងក្រមា។
ការជំរុញចុះបញ្ជីសង្ក្រាន្ដ និងអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ បង្ហាញពីការប្តេជ្ញារបស់រដ្ឋាភិបាល ក្នុងការទទួលស្គាល់អន្តរជាតិលើបេតិកភណ្ឌ និងពង្រឹងអត្តសញ្ញាណជាតិនៅក្នុងប្រទេស។
ប្រសិនបើទទួលបានការអនុម័តនៅចុងឆ្នាំនេះ មហាសង្ក្រាន្ដឆ្នាំថ្មី នឹងក្លាយជាជំហានសំខាន់មួយទៀត ក្នុងកិច្ចការទូតវប្បធម៌របស់កម្ពុជា និងឆ្លើយតប ការអំពាវនាវរបស់សាធារណជន ក្នុងការការពារបេះដូងវប្បធម៌ខ្មែរ៕
