តម្រូវការអចលនទ្រព្យនៅវៀតណាមនៅឆ្នាំនេះរំពឹងផ្តោតលើប្រភេទលំនៅដ្ឋានដែលមានតម្លៃសមរម្យ

0

ដោយ: សហសេវិក
អន្តរជាតិ: តម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យលំនៅឋានរបស់ប្រទេសវៀតណាមនៅឆ្នាំនេះត្រូវបានគេរំពឹងថា នឹងផ្តោតលើប្រភេទលំនៅឋានដែលមានតម្លៃសមរម្យ នៅតាមមជ្ឈមណ្ឌលទីក្រុងធំៗ។

ទីផ្សារអចលនទ្រព្យជាសសរស្តម្ភសំខាន់មួយនៃសេដ្ឋកិច្ចជាតិរបស់វៀតណាម ដែលមានឥទ្ធិពលលើវិស័យជាង៣០ផ្សេងទៀតដូចជា សំណង់ ហិរញ្ញវត្ថុ សម្ភារៈសំណង់ កម្លាំងពលកម្ម និងគ្រឿងសង្ហារឹម។

ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចវៀតណាមជាទូទៅ និងទីផ្សារអចលនទ្រព្យជាពិសេស បានប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង។

ក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានជួបការលំបាកក្នុងសកម្មភាពវិនិយោគ និងអាជីវកម្មដោយសារកត្តាមិនអំណោយផលទាំងក្នុងស្រុក និងអន្តរជាតិ។ ផ្នែកលំនៅឋានលំដាប់ខ្ពស់ប្រឈមមុខនឹងការផ្គត់ផ្គង់លើសតម្រូវការ ។ ប៉ុន្តែ កង្វះខាតផ្ទះដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋនៅតែជាបញ្ហាចោទដ៏សំខាន់។

ជាការឆ្លើយតប រដ្ឋសភា និងរដ្ឋាភិបាវៀតណាមបានចេញសេចក្តីណែនាំដ៏ម៉ឺងម៉ាត់ និងអនុវត្តដំណោះស្រាយស្របគ្នា ដើម្បីលុបបំបាត់ឧបសគ្គ ពន្លឿនគម្រោងវិនិយោគ និងបង្កើនការផ្គត់ផ្គង់លំនៅឋានគ្រប់ផ្នែក ជាពិសេសលំនៅឋានតម្លៃសមរម្យ។

វិធានការទាំងនេះមានគោលបំណងលើកកម្ពស់លំនៅឋានសង្គម ធានាសុខុមាលភាពសង្គម និងធ្វើឱ្យមានតុល្យភាពឡើងវិញនូវការផ្គត់ផ្គង់ និងតម្រូវការ ធ្វើឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាព និងការពារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

រដ្ឋាភិបាលនឹងផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍លំនៅឋានថ្នាក់ជាតិ និងគម្រោងសាងសង់អាផាតមុិនតម្លៃសមរម្យយ៉ាងតិច១លានយូនីតសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប៕ប្រភព: Vietnam Net Global៕

LEAVE A REPLY

Please enter your comment!
Please enter your name here