ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានឱ្យដឹងថា ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង និងទីក្រុងតូក្យូរបស់ជប៉ុននឹងនាំមុខគេក្នុងការសម្រេចបានកំណើនតម្លៃអចលនទ្រព្យលំដាប់ខ្ពស់លើពិភពលោកនៅឆ្នាំនេះ។
តម្លៃអាផាតមុិនលំដាប់ខ្ពស់នៅទីក្រុងសេអ៊ូលត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី៦ភាគរយ ទៅ៧,៩ភាគរយនៅឆ្នាំនេះ បន្ទាប់ពីបានកើនឡើង១៤,៣ភាគរយក្នុងឆ្នាំ២០២៥។
ក្រុមហ៊ុន Savills បានអះអាងថា ដីធ្លីមានកំណត់ ការថយចុះនៃការផ្គត់ផ្គង់លំនៅឋានថ្មី និងភាពរឹងមាំនៃតម្រូវការនៅក្នុងតំបន់សំខាន់ៗកំពុងបន្តជំរុញឱ្យតម្លៃលំនៅឋានលំដាប់ខ្ពស់កើនឡើង។

ទន្ទឹមនឹងនេះ តម្លៃលំនៅឋានលំដាប់ខ្ពស់នៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី៤ភាគរយទៅ៥,៩ភាគរយនៅឆ្នាំនេះ។ កំណើននេះត្រូវបានជំរុញដោយកង្វះនៃការផ្គត់ផ្គង់ និងភាពទាក់ទាញរបស់ទីផ្សារអចលនទ្រព្យជប៉ុនចំពោះវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។
ការប្រកួតប្រជែងដើម្បីទិញដីធ្លី ជាពិសេសពីបណ្តាអ្នកអភិវឌ្ឍន៍ការិយាល័យ កំពុងរឹតត្បិតការអភិវឌ្ឍលំនៅឋាននៅទីក្រុងតូក្យូ។ទោះជាយ៉ាងណា គម្លាតកាន់តែធំរវាងតម្លៃអាផាតមុិនថ្មី និងថ្លៃដើមសាងសង់បានបង្កើនការពិចារណាលើនិរន្តរភាពរយៈពេលវែង៕ប្រភព: Edgeprop៕







