បារាំង​នឹង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​

0
អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន ចាប់ដៃជាមួយភាគីបារាំង។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​នៅ​ក្រុងប៉ារីស​ ក្រោម​ការចូលរួម​ពីសំណាក់​អ្នកតំណាង​ស្ថាប័ន​ និង​ក្រសួងសេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ មក​ពី​បណ្តា​ប្រទេស​អភិវឌ្ឍ​ និង​កំពុង​អភិវឌ្ឍ​សរុប៦៥ប្រទេស​ ភាគី​ប្រទេស​បារាំង​បាន​សន្យា​នឹង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​របស់​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

នៅក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​ដែល​រៀបចំ​ ក្រោម​ប្រធានបទ​«ហិរញ្ញប្បទាន​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រកបដោយ​យុត្តិធម៌​ និង​ចីរភាព​ (Financing​ infrastructure​ in​ a fair​ and​ sustainable​ way​» ដោយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សាធារណរដ្ឋ​បារាំង​ ដោយមាន​ការចូលរួម​ពីសំណាក់​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ទេសាភិបាល​ធនាគារ​កណ្តាល​ ថ្នាក់ដឹកនាំ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ និង​តំណាង​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ឯក​ជន​ធំៗ​ មក​ពី​តាម​បណ្តា​ ប្រទេស​អភិវឌ្ឍន៍​ ក៏ដូចជា​កំពុង​អភិវឌ្ឍន៍​ ប្រមាណ៦៥ប្រទេស​ ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​កាលពី​រសៀល​ថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​។

នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​មួយ​នេះ​ លោក​បណ្ឌិតសភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ថ្លែង​បង្ហាញ​ពី​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​ ជាមួយនឹង​ការ​ស្នើសុំ​ឱ្យ​មានការ​ជួយ​ជ្រោមជ្រែង​បន្ថែម​ពីសំណាក់​ភាគី​រដ្ឋាភិបាល​ប្រទេស​បារាំង​មកកាន់​កម្ពុជា​ ដើម្បី​ពង្រឹង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

នៅក្នុង​ជំនួប​ខាងលើ​នេះ​ លោកស្រី​ Agn​ès PANNIER​-RUNACHER​ រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បារាំង​ បាន​វាយតម្លៃ​ខ្ពស់​អំពី​ការ​អភិវឌ្ឍ​ និង​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​កិច្ចការ​កែទម្រង់​កន្លងមក​ ។

លោកស្រី​ ក៏បាន​បញ្ជាក់​ថា​ បារាំង​ និង​ កម្ពុជា​ គឺជា​មិត្ត​ដ៏​ល្អ​ ដែល​មិន​អាច​កាត់​ផ្តាច់​ពីគ្នា​បាន​ ហើយ​បារាំង​នឹង​ នៅតែ​បន្ត​ជំរុញ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ ដោយ​តម្រង់​វិស័យ​នៃ​កិច្ច​ សហប្រតិបត្តិ​ការ​ របស់​បារាំង​ឲ្យ​ស្រប​ទៅ​នឹង​យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​ន៏​ជាតិនានា​របស់​កម្ពុជា​ ជាពិសេស​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ ជាដើម​។

ជាមួយគ្នា​នេះ​ផង​ដែរ​ លោក​ Rèmi​ Rioux​, នាយកចាត់ការ​ទូទៅ​នៃ​ ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) ក៏បាន​បញ្ជាក់​បន្ថែម​ថា​, សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​បន្ត​ កម្ពុជា​-AFD​ នា​ពេល​ខាងមុខ​, ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​ មានបំណង​នឹង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន​អោយ​ស្រប​ នឹង​បរិការណ៍​អភិវឌ្ឍន៍​នៅ​កម្ពុជា​។

ជា​លទ្ធផល​ អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​, ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏បាន​ចុះហត្ថលេខា​ជាមួយ​ លោក​ Rèmi​ Rioux​ នាយកចាត់ការ​ទូទៅ​នៃ​ទីភ្នាក់ងារ​ បារាំង​សម្រាប់​អភិវឌ្ឍន៍​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ក្នុងទឹក​ប្រាក់​ចំនួន​ ២៩.១លាន​អឺ​រ៉ូ​ក្នុង​នោះ​៖ ឥណទាន​សម្បទាន​​ចំនួន២៥លាន​អឺ​រ៉ូ​ ពីទី​ភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន៤.១លាន​អឺ​រ៉ូ​ ពី​សហគមន៍​អឺរ៉ុប​ សម្រាប់​ហិរញ្ញប្បទាន​លើ​គម្រោង​ធ្វើ​ទំនើបកម្ម​ លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​ និង​ចែកចាយ​អគ្គិសនី​ ក៏ដូចជា​បង្កើន​ប្រសិទ្ធិ​ភាព​ និង​និរន្តរភាព​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here