ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ ជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់។
កិច្ចប្រជុំនេះដឹកនាំដោយលោកយិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដី ចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ ក្រោមអធិបតីភាពសហប្រធាន លោកអ៊ឹង សេរីវិសុទ្ធ អនុប្រធាននិងជាក្រុមការងារទី១នៃក្រុមប្រឹក្សាអ្នកច្បាប់ និងលោកនៅ បោនន័រ អនុប្រធាន និងជាប្រធានក្រុមការងារទី១ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងមន្រ្តីពាក់ព័ន្ធ។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ សំដៅធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីកំណត់យន្តការ និងវិធានការលើការប្រើប្រាស់ដីចំណីផ្លូវ និងរក្សាបាននូវសុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឧបសគ្គដែលរាំងស្ទះដល់ការអភិវឌ្ឍ និងការថែទាំងផ្លូវ៕







