ការសិក្សាថ្មី: ទីផ្សារការិយាល័យក្លាយជាទីចាប់អារម្មណ៍ឡើងវិញរបស់បណ្តាអ្នកវិនិយោគអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្រាវជ្រាវថ្មីចុងក្រោយរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានបង្ហាញថា ទីផ្សារអចលនទ្រព្យការិយាល័យបានទាក់ទាញការចាប់អារម្មណ៍ឡើងវិញពីបណ្តាអ្នកវិនិយោគអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (Apac)។

នៅក្នុងរបាយការណ៍ទស្សនវិស័យទីផ្សារអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៦ ក្រុមហ៊ុន CBRE បានគូសបញ្ជាក់ថា អ្នកឆ្លើយតបនឹងការស្ទង់មតិចុងក្រោយបំផុតលើគោលបំណងរបស់វិនិយោគិននៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានជ្រើសរើសការិយាល័យជាផ្នែកមួយ ដែលពួកគេពេញចិត្តបំផុត។

នេះជាលើកដំបូងហើយ ដែលចំណាប់អារម្មណ៍របស់បណ្តាអ្នកវិនិយោគចំពោះទីផ្សារការិយាល័យបានកើនឡើងដល់កម្រិតកំពូលមិនធ្លាប់មានក្នុងរយៈពេល៦ឆ្នាំកន្លងមក។

ជាមួយគ្នានេះ ក្រុមហ៊ុន CBRE ព្យាករណ៍ថា ការវិនិយោគលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងកើនឡើងចន្លោះពី៥ភាគរយទៅ ១០ភាគរយក្នុងឆ្នាំ ២០២៦។

ក្រុមហ៊ុន CBRE ចាត់ទុកថា ការងើបឡើងវិញនេះបណ្តាលមកពីការចាប់អារម្មណ៍ទៅលើភាពប្រសើរឡើងនៃសកម្មភាពជួលការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាល (CBDs) នៃទីក្រុងនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ កាលពីឆ្នាំមុន សកម្មភាពវិនិយោគលើការិយាល័យបានប្រមូលផ្តុំនៅក្នុងទីផ្សារដែលមានសក្តានុពលខ្ពស់ ដូចជា ទីក្រុងតូក្យូ ទីក្រុងស៊ីដនី និងទីក្រុងសេអ៊ូល។

នៅឆ្នាំ២០២៦នេះ ការជួលការិយាល័យកម្រិត A នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែបង្ហាញសញ្ញាវិជ្ជមាន ដោយកំណើននៃការជួលការិយាល័យកម្រិត A នៅទីក្រុងតូក្យូ និងទីក្រុងលំដាប់ទី១ នៅក្នុងប្រទេសឥណ្ឌា និងអូស្ត្រាលីត្រូវបានគេរំពឹងថា នឹងនាំមុខគេ។

កំណើននៃតម្លៃជួលការិយាល័យត្រូវបានជំរុញដោយតម្រូវការជួលពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា ខណៈក្រុមហ៊ុនទាំងនោះទទួលបានអត្ថប្រយោជន៍ពីឌីជីថលូបនីយកម្ម និងបញ្ញាសិប្បនិម្មិត ក៏ដូចជាតម្រូវការពីក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងទ្រព្យសម្បត្តិ និងសេវាវិជ្ជាជីវៈ៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here