មន្រ្តីជាន់ខ្ពស់ចុះពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ឋក្រោមដីនៅខេត្តបាត់ដំបង

0

ដោយៈ ម៉ាលីន

បាត់ដំបងៈ លោកគួច ប៊ុនលាត រដ្ឋលេខាធិការ ក្រសួងសាធា​រណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈម នៃការគ្រប់គ្រង ប្រតិបត្តិការ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ នៅខេត្តបាត់ដំបង។

ដំណើរចុះពិនិត្យនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពគម្រោង ការអនុវត្តការងារ និងបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់។

ការចុះត្រួតពិនិត្យ បានផ្តោតលើទីតាំងសំខាន់ៗ រួមមាន៖

១) គម្រោងស្ថាបនាលូអ៊ុយ ទំហំ ១,៥ ម៉ែត្រ x ១,៥ ម៉ែត្រប្រវែង ៣៩០ ម៉ែត្រ និងទំហំ ២ ម៉ែត្រ x ២ ម៉ែត្រ ប្រវែង ២៣០ ម៉ែត្រ ព្រមទាំងការងារស្តារប្រឡាយរំដោះទឹក ប្រវែង ២៩១ ម៉ែត្រ ដើម្បីដោះស្រាយបញ្ហាជន់លិច នៅទីប្រជុំជនស្រុកមោងឫស្សី ខេត្តបាត់ដំបង។

២) គម្រោងស្ថាបនាផ្លូវ និងប្រព័ន្ធរំដោះទឹកសងខាងផ្លូវ លើផ្លូវលេខ ៤០៦ ប្រវែង២,៥៨០ម៉ែត្រ ទទឹង១០ម៉ែត្រ និងផ្លូវលេខ១៥៤ ប្រវែង៧៧៥ ម៉ែត្រទទឹង១២ម៉ែត្រ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

៣) កិច្ចប្រជុំពិភាក្សាការងារ ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការគ្រប់គ្រង ប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់ រួមមានបណ្តាញលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បាត់ដំបង ខាងកើត និងខាងលិច ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ ដល់អង្គភាពអនុវត្តគម្រោងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ធានាគុណភាពការងារ ស្របតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍សុវត្ថិភាព ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការប្រើប្រាស់ និងជំរុញការផ្សព្វផ្សាយ និងបញ្ច្រៀបការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីការប្រើប្រាស់ប្រព័ន្ធលូទឹកកខ្វក់ឱ្យបានត្រឹមត្រូវ និងទូលំទូលាយ ដើម្បីបង្ការ និងកាត់បន្ថយការកក់ស្ទះបណ្តាញលូ។ ឯកឧត្តម បានក៏ស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ពិចារណាបង្កើតក្រុមការងារសន្តិសុខប្រព័ន្ធទឹកកខ្វក់ ដល់ថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងការតាមដាន ការពារ និងឆ្លើយតបបញ្ហាបន្ទាន់បានទាន់ពេលវេលា ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប្រព័ន្ធឱ្យកាន់តែប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here