ដោយៈ ចំណាន
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា រាជធានីភ្នំពេញនឹងវិវត្តន៍ខ្លួន ទៅជាទីក្រុងរដ្ឋបាលម៉េត្រូប៉ូលីតែនដ៏មានសក្តានុពល និងឈានមុខគេមួយនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។
លោកបានថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកចំណេះដឹង និងបទពិសោធនៃប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់រាជធានី-ខេត្ត ពីនេះទៅមុខ អាចនឹងប្រែក្លាយទៅជារាជធានី- ខេត្តដែលមានប្រព័ន្ធម៉េត្រូប៉ូលីតែន ដើម្បីធានាបាននូវការគ្រប់គ្រងដែនដី ការរៀបចំផែនការអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា លក្ខខណ្ឌចម្បងៗ ដែលរាជធានី-ខេត្ត អាចរៀបចំជាប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែនបាន គឺត្រូវផ្អែកលើកត្តាសំខាន់ចំនួន៣ រួមមាន ទី១-ចំនួនដង់ស៊ីតេប្រជាពលរដ្ឋ ទី២ -សក្តានុពលសេដ្ឋកិច្ច និងទី៣-ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ។

ផ្អែកលើមូលដ្ឋាននៃចំណុចទាំង៣នេះហើយ ទើបលោកឧបនាយករដ្ឋមន្ត្រី បង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា “រាជធានីភ្នំពេញពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងស័ក្តិសមបំផុតជារាជធានី និងជាក្រុងម៉េត្រូប៉ូលីតែនឈានមុខគេ ដែលនឹងក្លាយជាគំរូសម្រាប់បណ្តាខេត្តសក្តានុពលផ្សេងៗទៀត ក្នុងការបន្តរៀបចំរចនាសម្ព័ន្ធនេះជាបន្តបន្ទាប់។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានទាញចំណាប់អារម្មណ៍ ដោយបង្ហាញការកត់សម្គាល់ពីបទពិសោធន៍ ជោគជ័យនៃបណ្ដាទីក្រុងធំៗក្នុងតំបន់មួយចំនួន ដូចជា ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន គ្របដណ្ដប់លើការគ្រប់គ្រងតំបន់រដ្ឋបាលពិសេសចំនួន២៣ខណ្ឌ និងមានកញ្ចប់ថវិកាផ្ទាល់ខ្លួនខ្ពស់ ជាងបណ្ដាខេត្តដទៃទៀត៕







