ទីផ្សារការិយាល័យនៅតំបន់កណ្តាលទីក្រុងហុងកុងកំពុងបង្ហាញសញ្ញាងើបឡើងវិញក្នុងរយៈពេល២ខែដំបូងនៃឆ្នាំនេះ

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា អត្រា​ទំនេរ​ការិយាល័យ​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​កណ្តាល​របស់​ទីក្រុង​ហុងកុង​នៃប្រទេសចិនបាន​ធ្លាក់ចុះ​មក​ត្រឹម​ចំនួនមួយ​ខ្ទង់​ជា​លើកដំបូង​ក្នុង​រយៈពេល២៦ខែ។

ការណ៍នេះបានជំរុញតម្លៃ​ជួលការិយាល័យនៅក្នុង​ទីក្រុង​ហុងកុង។ អត្រាការិយាល័យទំនេរនៅតំបន់ Central របស់ទីក្រុងហុងកុងបានធ្លាក់ចុះមកត្រឹម៩,៩ភាគរយនៅក្នុងខែកុម្ភៈ ពី១០,១ភាគរយកាលពីខែមករា។

ជាមួយគ្នានេះ អត្រា​​ការិយាល័យ​ទំនេរលំដាប់ខ្ពស់​ទូទាំង​ទីក្រុង​បាន​ធ្លាក់​ចុះ​មក​ត្រឹម ១៣,៤ ភាគរយ​ក្នុង​ខែ​កុម្ភៈ​ ពី១៣,៥ភាគរយ​ក្នុង​ខែ​មករា ដោយ​តំបន់ Wan Chai និងតំបន់ Causeway Bay បាន​កត់ត្រា​ការ​ធ្លាក់​ចុះ​មក​ត្រឹម១០,២ភាគរយនៅខែកុម្ភ:​ពី១០,៣ភាគរយ​ក្នុងខែមករា។

តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ Central បានកើនឡើង៣,៥ភាគរយក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ បន្ទាប់ពីកើនឡើង១,២ភាគរយនៅក្នុងខែមករា និង២,៣ភាគរយនៅក្នុងខែកុម្ភៈ។

លោក Alex Barnes នាយកគ្រប់គ្រងក្រុមហ៊ុន JLL ប្រចាំទីក្រុងហុងកុង ម៉ាកាវ និងតៃវ៉ាន់ បានលើកឡើងថា វិស័យធនាគារនៅតែជាកត្តាជំរុញចម្បងនៃសកម្មភាពជួលការិយាល័យ ហើយតម្រូវការផ្តោតលើអគារការិយាល័យថ្មីៗនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល។

លោក Barnes បានបន្ថែមថា «និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តកើតមានរហូតដល់ដំណាច់ឆ្នាំ២០២៦ ខណៈទីផ្សារការិយាល័យនៅតំបន់ non-core ដូចជា សង្កាត់ Kowloon East អាចបន្តស្ថិតនៅក្រោមសម្ពាធ»៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here