ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការផ្នែកពាណិជ្ជកម្ម និងវិនិយោគរបស់សាធារណរដ្ឋកូរ៉េបានឲ្យដឹងថា កូរ៉េវិនិយោគលើវិស័យសម្លៀកបំពាក់ និងដំឡើងរថយន្តមានទឹកប្រាក់ ៦០០លានដុល្លារអាមេរិក ខណៈប្រទេសនេះគ្រោងពង្រីកទំហំពាណីជ្ជកម្មជាមួយកម្ពុជាឲ្យកើនដល់ ១០០០លានដុល្លារនៅឆ្នាំ២០។
ប្រធានគណៈកម្មាធិការផ្នែកពាណិជ្ជកម្ម ឧស្សាហកម្មថាមពលនិងវិស័យ SMEនៃសាធារណរដ្ឋកូរ៉េ លោក Chan byoung Wan បានថ្លែងលើកឡើងក្នុងជំនួបជាមួយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីដើមសប្តាហ៍នេះថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកូរ៉េ និងកម្ពុជាជាទំនាក់ទំនងដ៏ល្អ ក្នុងនោះកម្ពុជា-កូរ៉េ នឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ដើម្បីជំរុញការវិនិយោគឲ្យកាន់តែមានច្រើនវិស័យដូចជា ថាមពលកកើតឡើងវិញ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហការលើជំនាញបច្ចេកទេស ការបង្កើតសួន ឧស្សាហកម្ម និងបច្ចេកវិទ្យា ជាពិសេសការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម ដែលភាគីកូរ៉េបានចាត់ទុក ជាអាទិភាពសម្រាប់គាំទ្រឧស្សាហកម្មធុនស្រាល និងធ្ងន់ និងជាសរសៃឈាមចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ។