ដោយ: សហសេវិក
អន្តរជាតិ: លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអំពាវនាវឱ្យតំបន់ថ្មី Xiong’an ដើរតួនាទីនាំមុខគេក្នុងការជំរុញគោលនយោបាយច្នៃប្រឌិតក្នុងវិស័យសំខាន់ៗដូចជាបច្ចេកវិទ្យា និងហិរញ្ញវត្ថុ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់មួយនៅជិតទីក្រុងប៉េកាំង។
លោក សុី បានលើកឡើងថា តំបន់អភិវឌ្ឍន៍ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានីប៉េកាំងមួយនេះគួរជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការអនុវត្តកំណែទម្រង់ និងនវានុវត្តន៍ ពង្រឹងការផ្សារភ្ជាប់រវាងបច្ចេកវិទ្យា និងឧស្សាហកម្ម និងពន្លឿនការស្រាវជ្រាវ
ការអភិវឌ្ឍនេះមានគោលបំណងដើម្បីលើកកម្ពស់ឧស្សាហកម្មដែលកំពុងរីកចម្រើន និងនិងធ្វើឱ្យប្រសើរឡើងនូវវិស័យប្រពៃណី។នេះបើយោងតាមការដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua។

ទីក្រុង Xiong’an ត្រូវបានគេចាត់ទុកថា ជាទីក្រុងបច្ចេកវិទ្យាខ្ពស់មួយ ដែលពោរពេញទៅដោយក្រុមហ៊ុនឈានមុខគេ វិទ្យាស្ថានស្រាវជ្រាវ និងការដឹកជញ្ជូនលំដាប់ពិភពលោក ដែលអាចប្រកួតប្រជែងជាមួយទីក្រុងសុិនជិន (Shenzhen) ឬទីក្រុងសៀងហៃ (Shanghai)។
លោកប្រធានាធិបតីចិន សុី ជីនពីង ក៏បានអំពាវនាវឱ្យពន្លឿនការផ្លាស់ប្តូរមុខងារមួយចំនួនពីទីក្រុងប៉េកាំង និងគាំទ្រដល់ការផ្ទេរស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នស្រាវជ្រាវសំខាន់ៗទៅកាន់តំបន់ Xiong’an។
យ៉ាងណាមិញ នៅក្នុងការអនុវត្តជាក់ស្តែង គម្រោងនេះហាក់ពុំមានវឌ្ឍនភាពខ្លាំងក្លាឡើយ គិតចាប់តាំងពីផែនការនេះត្រូវបានបង្ហាញជាលើកដំបូងនៅឆ្នាំ២០១៧ ដោយប្រជាពលរដ្ឋ និងស្ថាប័នជាច្រើនមានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរទីលំនៅ និងទីតាំងរបស់ពួកគេ៕ប្រភព: Bloomberg៕








