ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. សហគ្រាសរដ្ឋឈានមុខគេមួយរបស់ចិនគ្រោងទិញដំឡូងមីពីកម្ពុជាចំនួន១លានតោន ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. ដឹកនាំដោយលោកChen Mingyu ប្រធានក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន Guangxi State Farms Mingyang Starch Development ជាសហគ្រាសរដ្ឋឈានមុខ និងមានទ្រង់ទ្រាយធំមួយរបស់ចិន ក្នុងវិស័យកែច្នៃដំឡូងមី ដែលមានគុណភាពស្តង់ដារទទួលស្គាល់ដោយសហរដ្ឋអាម៉េរិក។
ក្នុងនាមជាអ្នកដឹកនាំគណៈប្រតិភូ លោកChen Mingyu បានសម្តែងនូវគារវកិច្ច និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងបានគូសបញ្ជាក់ពីគោលបំណងយុទ្ធសាស្ត្រចំនួនបី ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ រួមមាន៖ (១)បង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជា ប្រមាណ១លានតោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម។
(២)ការសិក្សាពីកាលានុវត្តភាព ក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា និង (៣)ការផ្ទេរចំណេះដឹងតាមរយៈពិនិត្យលទ្ធភាព សហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចែករំលែកបច្ចេកទេសដាំដុះ និងការកែច្នៃកម្រិតខ្ពស់ជូនដល់ប្រជាកសិករខ្មែរ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងជំរុញយ៉ាងមោះមុត លើការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រ ផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។
លោកបានរំលេចថា កម្ពុជាគឺជាតួអង្គយុទ្ធសាស្ត្រ ដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់ទន្លេមេគង្គ និងតំបន់សេដ្ឋកិច្ចអាស៊ាន-ចិន ដែលផ្តល់នូវភាពអនុគ្រោះបំផុតសម្រាប់វិនិយោគិន។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះលើការជ្រើសរើសទីតាំងរោងចក្រ និងបានជម្រាបជូនអំពី “ផែនការមេភស្តុភារកម្មប្រទាក់ក្រឡា” របស់កម្ពុជា ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនឱ្យកាន់តែរហ័ស និងកាត់បន្ថយថ្លៃដើមផលិតកម្ម ធ្វើឱ្យផលិតផលកម្ពុជា មានសមត្ថភាពប្រកួតប្រជែងខ្ពស់ នៅលើទីផ្សារសកល។

តាមរយៈជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកដោយក្តីសោមនស្សនូវវឌ្ឍនភាពនៃ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” រវាងប្រទេសទាំងពីរ ជាពិសេសយន្តការនៃ “គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន” ដែលមានលោកវ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងរូបលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ ជាសហប្រធាន។
យន្តការកម្រិតខ្ពស់នេះ គឺជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពល ក្នុងការតម្រង់ទិស និងជំរុញរាល់គម្រោងវិនិយោគ យុទ្ធសាស្ត្រឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង ដើម្បីឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ៕







