តម្លៃផ្ទះនៅទីក្រុងហុងកុងបន្តកើនឡើង ខណៈតម្រូវការមានស្ថានភាពល្អប្រសើរឡើង

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅទីក្រុងហុងកុងរបស់ប្រទេសចិនបានកើនឡើង១,៦ភាគរយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ បើធៀបនឹងខែមករា បន្ទាប់ពីបានកើនឡើង១ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២៦។ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានចាត់ថ្នាក់ និងវាយតម្លៃ។

ក្រុមអ្នកជំនាញអចលនទ្រព្យបានព្យាករថាតម្លៃនៅទីក្រុងហុងកុងនឹងកើនឡើងពី៣ ទៅ ១០ភាគរយនៅឆ្នាំនេះ ខណៈបណ្តាក្រុមហ៊ុនឈ្មួញជើងសារបានព្យាករថា នឹងកើនឡើងយ៉ាងតិច១០ភាគរយ ដោយសារភាពរឹងមាំនៃទីផ្សារភាគហ៊ុនហុងកុង និងតម្រូវការពីពលរដ្ឋចិនដីគោក។

តម្រូវការលំនៅឋាននៅទីក្រុងហុងកុង ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានតម្លៃអចលនទ្រព្យខ្ពស់កប់ពពកលើពិភពលោក បានមានភាពប្រសើរឡើងក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ដោយសារអត្រាការប្រាក់ធ្លាក់ចុះ។

ទោះជាយ៉ាងណា លោក Eddie Kwok នាយកប្រតិបត្តិនៃក្រុមហ៊ុន CBRE Hong Kong បានមានប្រសាសន៍ថា ប្រសិនបើស្ថានភាពនៅតំបន់មជ្ឈិមបូព៌ានៅតែបន្តតានតឹង ហើយតម្លៃប្រេងបន្តកើនឡើង ដោយអាចជំរុញឱ្យមានអតិផរណា និងនាំឱ្យមានការកើនឡើងនៃអត្រាការប្រាក់ នោះទីផ្សារអចលនទ្រព្យហុងកុងនឹងរងផលប៉ះពាល់។

តម្លៃលំនៅឋាននៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលមួយនេះបានកើនឡើង៣,៦ភាគរយនៅឆ្នាំ២០២៥ ដែលជាការកើនឡើងលើកដំបូង ចាប់តាំងពីតម្លៃផ្ទះបានហក់ឡើងដល់កម្រិតកំពូលនៅឆ្នាំ២០២១។

តម្លៃផ្ទះនៅទីក្រុងហុងកុងបានដាំក្បាលចុះជិត ៣០ ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយសារអត្រាការប្រាក់លើកម្ចីទិញផ្ទះមានកម្រិតខ្ពស់ ការធ្លាក់ចុះនៃសេដ្ឋកិច្ច និងតម្រូវការ៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here