ដោយៈ ចំណាន
កំពតៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប រដ្ឋបាលជលផល និងក្រុមការងារLASED បានបើកការដ្ឋានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នៅសហគមន៍តំបន់ឆ្នេរ សហគមន៍នេសាទព្រែកត្នោត ត្រពាំងរពៅ ត្រពាំងសង្កែ កំពង់សាមគ្គី ខេត្តកំពត និងសហគមន៍នេសាទអូរក្រសារ ខេត្តកែប។
ពិធីបើកការដ្ឋាននេះ ធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប។

តាមបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន របស់លោកសាយ សំអាល់បានឲ្យដឹងថា ការវិនិយោគនេះ ធ្វើឡើងដើម្បីបង្កើតមុខរបរបន្ថែមជូនប្រជាសហគមន៍ ដែលពីមុនគឺនេសាទតាមបែបធម្មជាតិ និងប្រពៃណីទំនៀមទម្លាប់ ការចិញ្ចឹម និងដើម្បីបង្កើនទេសចរណ៍ទៅកំសាន្ត នៅក្នុងតំបន់សហគមន៍ទាំងនេះ បានកាន់តែច្រើនឡើងដែលនឹងជួយដល់ជីវភាពរបស់ប្រជាសហគមន៍ឲ្យកាន់តែប្រសើរ ដោយបច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងពេញចិត្ត នឹងការទៅលំហែជាគ្រួសារ ជាក្រុមនៅតាមបណ្ដាសហគមន៍ ដែលមានធម្មជាតិស្រស់ស្អាត បដិសណ្ឋារកិច្ចល្អ ម្ហូបអាហារឈ្ងុយឆ្ងាញ់និងមានអនាម័យ៕









