ដោយ: សហសេវិក
អន្តរជាតិ: ការលក់ផ្ទះប្រភេទទី២ នៅទីក្រុងធំៗរបស់ប្រទេសចិន ពិសេសទីក្រុងសៀងហៃបានកើនឡើងនៅខែមីនា ដែលជំរុញឲ្យមានការរំពឹងទុកថា វិស័យអចលនទ្រព្យរបស់ប្រទេសចិនអាចនឹងមានស្ថិរភាព។
ក្រុមអ្នកវិភាគ និងឈ្មួញជើងសាបានវាយតម្លៃថា កំណើននៃការលក់លំនៅឋានប្រភេទទី២ បានចង្អុលបង្ហាញពីការវិលត្រឡប់មកវិញយ៉ាងសន្សឹមៗនៃទំនុកចិត្តក្នុងចំណោមអ្នកទិញផ្ទះ បន្ទាប់ពីបានធ្លាក់ចុះរយៈពេល៣ឆ្នាំ។
នៅទីក្រុងសៀងហៃ ផ្ទះប្រភេទទី២ ប្រមាណ២២.០០០យូនីតត្រូវបានលក់ចេញចន្លោះពីថ្ងៃទី១ និងថ្ងៃទី២៣ ខែមីនា ហក់ឡើង១៧០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីខែកុម្ភៈកន្លងមក។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនហិរញ្ញវត្ថុ Cailian។

សន្ទុះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលស្តែងឱ្យឃើញតាមរយៈកំណើនយ៉ាងគំហុកចំនួន២០ភាគរយនៃការលក់នៅទីក្រុងលំដាប់កំពូលទាំង៤ របស់ប្រទេសចិន រួមមានទីក្រុងសៀងហៃ ទីក្រុងប៉េកាំង ទីក្រុងក្វាងចូវ និងទីក្រុងសុិនជិនក្នុងរយៈពេលដូចគ្នា។
ជាមួយគ្នានេះ យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ការលក់ផ្ទះប្រភេទទី២ នៅទីក្រុងណានជីង នៃខេត្តជាំងស៊ូបានហក់ឡើង៥៤ភាគរយដល់ចំនួន ៥.៧៨៩យូនីតក្នុងរយៈពេល៣សប្តាហ៍ដំបូងនៃខែមីនា បើប្រៀបធៀបនឹងឆ្នាំមុន។
ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបានចាប់ផ្តើមដាំក្បាលចុះនៅចុងឆ្នាំ២០២០ បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ការខ្ចីប្រាក់ច្រើនហួសហេតុក្នុងចំណោមបណ្តាអ្នកអភិវឌ្ឍន៍ និងដើម្បីកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ ដោយឈានទៅបិទបញ្ចប់សករាជនៃការរីកចម្រើនយ៉ាងឆាប់រហ័សនារយៈពេល៣ទសវត្សរ៍៕ប្រភព: SCMP៕








