ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារការិយាល័យដែលមានគុណភាពខ្ពស់ (កម្រិត A) នៅក្នុងសង្កាត់ហិរញ្ញវត្ថុសំខាន់របស់ទីក្រុងហុងកុងនៃប្រទេសចិនកំពុងចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះជិត៧ឆ្នាំ។
ក្រុមអ្នកជំនាញអចលនទ្រព្យវាយតម្លៃថា ការងើបឡើងវិញនេះត្រូវបានជួយជំរុញដោយទីផ្សារមូលធនដ៏រឹងមាំ ដែលកំពុងទាក់ទាញតម្រូវការពីបណ្តាក្រុមហ៊ុនចិន និងអន្តរជាតិ។
ភាពប្រសើរឡើងនេះបានកើតឡើង បន្ទាប់ពីក្រុមហ៊ុននានាបានកៀរគរទុនចំនួន៣៧ពាន់លានដុល្លារនៅហុងកុង តាមរយៈការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) កាលពីឆ្នាំ២០២៥ ហក់ឡើង២៣១% ធៀបនឹងឆ្នាំ២០២៤។
ដោយមានក្រុមហ៊ុនជាច្រើនទៀតមានគម្រោងចុះបញ្ជីនៅឆ្នាំនេះ ផលវិជ្ជមានកំពុងរីករាលដាលដល់ទីផ្សារអចលនទ្រព្យការិយាល័យ។

យោងតាមលោក Sam Gourlay អ្នកជំនាញមកពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានអះអាងថា ក្រុមហ៊ុនធំៗជាច្រើនកំពុងឈានជើងចូលមកទីក្រុងហុងកុង ដោយសារទីផ្សារមូលធនរបស់ហុងកុងមានភាពសកម្ម។
ក្រុមហ៊ុនធំៗមួយចំនួនកំពុងសម្រុកទិញទីតាំងការិយាល័យ។ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន JD.com បានទិញភាគហ៊ុន៥០ភាគរយនៅក្នុងអគារការិយាល័យមួយនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាល Central ក្នុងតម្លៃ៤៥០លានដុល្លារ។
នៅក្នុងតំបន់ Causeway Bay ជិតសង្កាត់ Central ក្រុមហ៊ុន Alibaba Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Ant Group បានទិញការិយាល័យចំនួន១៣ជាន់ នៅក្នុងអគារថ្មីមួយ ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Mandarin Oriental ក្នុងតម្លៃ៩២៥លានដុល្លារ៕ប្រភព: SCMP៕







