រសជាតិឆ្ងាញ់ល្អឯករបស់ផលិតផលកម្ពុជា បានឈានចូលទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី

ចែករំលែក

ដោយៈ ចំណាន

    សឹង្ហបុរីៈ លោកសំហេង បូរ៉ា រដ្ឋលេខាធិការ និងប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំរៀបចំកម្មវិធីជំនួបផ្គូផ្គងអាជីវកម្ម (Business Matching) ដោយមានការគាំទ្រពី Singapore Food Agency (SFA)។

កម្មវិធីនេះបានផ្សារភ្ជាប់ តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា តំ​ណា​ងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនកម្ពុជាចំនួន៥ រួមមាន៖ Ample Agro Products, One More Company, Misota Group, Khmer Foods Group, និង City Rice Import Export Co., Ltd, ជាមួយក្រុមហ៊ុនលក់រាយធំៗ របស់សិង្ហបុរីចំនួនពីររួមមាន FairPrice Group ដែលមានប្រមាណ៣៧០សាខា និងក្រុមហ៊ុនCold Storage ដែលមានចំនួន ៨៩ សាខានៅទូទាំងប្រទេសសឹង្ហបុរី ។

នៅក្នុងកិច្ចជំនួបនេះ ភាគីកម្ពុជា និងសិង្ហបុរី បានចែករំលែកទស្សនៈ និងពិភាក្សាយ៉ាងជ្រាលជ្រៅអំពីលក្ខខណ្ឌ ស្តង់ដារ និងតម្រូវការសំខាន់ៗ សម្រាប់ការនាំចេញផលិតផលកម្ពុជា ទៅទីផ្សារសិង្ហបុរី ដើម្បីជំរុញសមិទ្ធផលបន្ថែម ក្នុងការជំរុញការនាំចេញផលិតផលកម្ពុជា ចូលមកកាន់ទីផ្សារសិង្ហបុរី។

កម្មវិធីនេះក៏បានក្លាយជាវេទិកាដ៏សំខាន់មួយ សម្រាប់ការលើកកម្ពស់ផលិតផល និងបង្ហាញសមត្ថភាពកម្ពុជា លើទីផ្សារអន្តរជាតិ ដោយមានគោលបំណងបង្កើនតម្លៃ ផលិតផល និងបង្កើនឱកាសសហប្រតិបត្តិការ និងការនាំចេញបន្ថែម។

ក្រសួងបានបញ្ជាក់ថា យើងរំពឹងថា កម្មវិធីជំនួបផ្គូផ្គងអាជីវកម្មនេះនឹងនាំឱ្យមានកិច្ចព្រមព្រៀងជាក់លាក់ និងការពង្រីកទីផ្សារសម្រា​ប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី និងទីផ្សារអន្តរជាតិផ្សេងៗ៕


ចែករំលែក