ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុងនៃប្រទេសចិនកំពុងក្លាយជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាពឡើងវិញ ស្របពេលមានការកើនឡើងនៃប្រតិបត្តិការលំនៅឋានប្រណីត និងថ្លៃជួលខ្ពស់បំផុតមិនធ្លាប់មាន។
ការណ៍នេះបង្ហាញថា ទីក្រុងហុងកុងអាចទទួលបានអត្ថប្រយោជន៍ជាបណ្តោះអាសន្នពីការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ា។
លោក Louis Ho Siu-tong នាយកជាន់ខ្ពស់ផ្នែកលក់នៅទីភ្នាក់ងារអចលនទ្រព្យ Centaline Property បានអះអាងថា សហគ្រិនជនជាតិចិនម្នាក់នៅទីក្រុង Abu Dhabi នៃអេមីរ៉ាតអារ៉ាប់រួម ដែលគ្រប់គ្រង ក្រុមហ៊ុនប្រឹក្សាយោបល់យន្តហោះឯកជន ថ្មីៗនេះបានសាកសួរអំពីការជួលផ្ទះលំដាប់ខ្ពស់នៅហុងកុង។
លោកបន្តថា អតិថិជនរូបនេះបាននិងកំពុងតាមដានហានិភ័យភូមិសាស្ត្រនយោបាយតាំងពីដើមឆ្នាំ២០២៦។ ភាពតានតឹងនៅក្នុងតំបន់បានពន្លឿនផែនការផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនរបស់គាត់។

លោក Ho បានគូសបញ្ជាក់ថា ប្រសិនបើអាជីវកម្មមិនអាចដំណើរការទៅបានយ៉ាងរលូននៅទីនោះ ពួកគេមានបំណងផ្លាស់ប្តូរប្រតិបត្តិការអាជីវកម្មមួយចំនួនទៅកាន់ទីក្រុងហុងកុង។
លោក Jack Tong នាយកផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន Savills Hong Kong បានអះអាងថា ទីក្រុងហុងកុងអាចទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលមធ្យម ខណៈដែលវិនិយោគិននៅមជ្ឈិមបូព៌ាបានវាយតម្លៃឡើងវិញនូវការធ្វើពិពិធកម្មភូមិសាស្ត្រ និងស្វែងរកមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលមានស្ថិរភាព។
លោក Tong បន្ថែមថា ការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយអាចពង្រឹងភាពទាក់ទាញរបស់ហុងកុងក្នុងនាមជាឋានសួគ៌សម្រាប់បណ្តាអ្នកវិនិយោគ និងជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិ៕ប្រភព: SCMP៕







