ដោយៈ ចំណាន
ហ្សាការតាៈ ប្រទេសឥណ្ឌូណេស៊ី គ្រោងចំណាយទឹកប្រាក់ជាង៦០ពាន់លានដុល្លារ លើផែនការសាងសង់បណ្តាញផ្លូវរថភ្លើងប្រវែង ១៤,០០០គីឡូម៉ែត្រ។
គំរោងនេះតភ្ជាប់ពីកោះស៊ូម៉ាត្រា កាលីម៉ាន់តាន់ និងស៊ូឡាវេស៊ី ក្នុងរយៈពេល២ទសវត្សរ៍ទៅមុខ ដែលជាផ្នែកមួយនៃផែនការកសាងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់លើសពីកោះជ្វា។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe នៅថ្ងៃសុក្រ ទី ២៤ មេសា។
រដ្ឋមន្ត្រីសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍តំបន់របស់ឥណ្ឌូណេស៊ី លោក Agus Harimurti Yudhoyono បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងនេះ នឹងត្រូវការការវិនិយោគប្រមាណ ១ ២០០ ទ្រីលានរូពី (៦៩,៤ ប៊ីលានដុល្លារ)។
លោកបានបន្តថា “តួលេខនេះមានចំនួនច្រើន ប៉ុន្តែវាគឺជាការវិនិយោគរយៈពេលវែង លើអនាគតរបស់ប្រទេសឥណ្ឌូណេស៊ី”។ លោកគូសបញ្ជក់ថា “គម្រោងនឹងប្រើប្រាស់ទាំងថវិការដ្ឋ និងការវិនិយោគពីវិស័យឯកជន”។
គម្រោងដដែលរាប់បញ្ជូលទាំង ការសាងសង់ផ្លូវរថភ្លើងប្រវែង៧ ៨៣៧ គីឡូម៉ែត្រ នៅលើកោះស៊ូមាត្រា២៧៧២ គីឡូម៉ែត្រ នៅកាលីម៉ាន់តាន់ និង៣២៨៤ គីឡូម៉ែត្រ នៅស៊ូឡាវេស៊ី។
លោក Agus បានបន្តថា បណ្តាញផ្លូវរថភ្លើងរបស់ឥណ្ឌូណេស៊ី នៅមានកម្រិតខ្លាំង បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ដែលជំរុញឱ្យឥណ្ឌូណេស៊ី “ខិតខំប្រឹងប្រែង និងមានយុទ្ធសាស្ត្រជាងមុន”។
ការដឹកជញ្ជូនតាមផ្លូវរថភ្លើងបច្ចុប្បន្ន ដើរតួនាទីតិចតួចក្នុងប្រព័ន្ធដឹកជញ្ជូនជាតិរបស់ប្រទេសឥណ្ឌូណេស៊ី ដោយរួមចំណែកត្រឹមតែប្រហែល៤ភាគរយ នៃការដឹកជញ្ជូនអ្នកដំណើរសរុប និង១ភាគរយ នៃការដឹកជញ្ជូនទំនិញភស្តុភារ៕







