ដោយៈ ចំណាន
ភ្នំពេញៈ លោក Yasuto Watanabeប្រធានស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី បានទទួលស្គាល់ពីសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើន ប៉ុន្តែអាចប្រឈមកំណើនយឺតជាងមុន។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងឱកាស លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោកប្រធាន Yasuto Watanabe នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា។
ក្នុងជំនួបនេះ លោកប្រធានគណៈប្រតិភូ បានលើកឡើងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះកត្តាប្រឈមមួយចំនួន ដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃប្រេងឥន្ធនៈ។
លោកបានលើកឡើងពីឥទ្ធិពល នៃកត្តាប្រឈមថ្មីៗ ដែលអាចធ្វើឱ្យសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា មានការថមថយខ្លះៗ ប៉ុន្តែក៏នៅរក្សាបានអត្រាកំណើនល្អ ដោយសារមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងការឆ្លើយតបគោលនយោបាយមានប្រសិទ្ធភាព។

លើសពីនេះ លោកYasuto Watanabe ក៏បានលើកឡើងពីសារៈសំខាន់ នៃការរក្សាបានទំនុកចិត្តលើប្រព័ន្ធធនាគារ ស្ថានភាពគុណភាពឥណទាន និងការអនុវត្តវិធានការមួយចំនួន ផងដែរ។
លោកជំទាវជា សិរី បានថ្លែងអំណរគុណ ចំពោះការចែករំលែកទស្សនាទាន អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងបានជម្រាបជូនពីគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងការអភិវឌ្ឍវិស័យថាមពល ដោយផ្តោតលើប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងថាមពលស្អាត ដែលជាកត្តាយ៉ាងសំខាន់ ក្នុងការកាត់បន្ថយផលប៉ះពាល់ ពីការកើនឡើងតម្លៃប្រេងឥន្ធនៈ។
បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើង ពីអទិភាពនៃការពង្រីកឥណទាន ដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងការលើកកម្ពស់ហិរញ្ញវត្ថុ ប្រកបដោយចីរភាពផងដែរ៕







