ការរីកចម្រើនបច្ចេកវិទ្យាជំរុញឱ្យតម្រូវការការិយាល័យនៅសហរដ្ឋអាមេរិកកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: នៅដើមឆ្នាំ២០២៦ តម្រូវការការិយាល័យនៅសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីជំងឺរាតត្បាត។ កំណើននេះត្រូវបានជំរុញដោយក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្រុមហ៊ុនហិរញ្ញវត្ថុ និងក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់។

នៅត្រីមាសទី១ ឆ្នាំ២០២៦ អត្រា​ការិយាល័យ​ទំនេរ​បាន​ប្រសើរ​ឡើង​បន្តិច ដោយ​ធ្លាក់​ចុះ​មក​ត្រឹម២២,២ភាគរយ។ទោះជាយ៉ាងណា ការិយាល័យ​ទំនេរភាគច្រើន​ប្រមូលផ្តុំ​នៅ​ក្នុង​អគារ​ចាស់ៗ​ ដែល​ម្ចាស់អគារទាំងនោះ​កំពុង​ជួប​ប្រទះបញ្ហា​លំបាក។

យ៉ាងណាមិញ ការងើបឡើងវិញមានភាពខុសគ្នាទៅតាមទីក្រុងនីមួយៗ។ តម្រូវការការិយាល័យនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ទីក្រុងញូវយ៉ក និងទីក្រុង Los Angeles មានភាពរឹងមាំ ដែលជំរុញដោយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងឧស្សាហកម្មច្នៃប្រឌិត។

ផ្ទុយទៅវិញ តម្រូវការការិយាល័យនៅទីក្រុង Boston ទីក្រុង Seattle ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី និងទីក្រុងឈីកាហ្គោ មិនទាន់ងើបឡើងវិញនៅឡើយ ដោយសារការធ្លាក់ចុះនៃទីផ្សារការងារ។

ជារួម ទីផ្សារការិយាល័យនៅសហរដ្ឋអាមេរិកកំពុងងើបឡើងវិញ។ ប៉ុន្តែ ការងើបឡើងវិញពុំទាន់មានភាពស្មើគ្នាទេ។ តម្រូវការការិយាល័យនៅទីក្រុងដែលមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា ឬឧស្សាហកម្មនានាផ្សេងទៀត កំពុងមានដំណើរការល្អ ខណៈទីក្រុងផ្សេងទៀតកំពុងយឺតយ៉ាវ។

ការរីកចម្រើននៃបច្ចេកវិទ្យា AI នៅតែជាប្រធានបទលេចធ្លោសម្រាប់ការិយាល័យ ហើយតម្រូវការការិយាល័យនៅតាមទីក្រុងដែលមិនសូវទាក់ទាញវត្តមានក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗ កំពុងបន្តធ្លាក់ចុះ៕ប្រភព: CNBC៕


ចែករំលែក