ដោយៈ និស្ស័យ
ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុនសម្រេចបានក្នុងទឹកប្រាក់ប្រមាណ៧៥០លានដុល្លារ កើនឡើងជិត១៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
តាមទិន្នន័យបានបង្ហាញថា ជប៉ុន គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី៤ របស់កម្ពុជាបន្ទាប់ពីប្រទេសចិន អាមេរិក និងវៀតណាម។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចរាចរណ៍ទំនិញរវាងកម្ពុជា-ជប៉ុន ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានទឹកប្រាក់សរុប៧៥៣,៤៦លានដុល្លារ កើនឡើង ១៤,៨% បើធៀបនឹងឆ្នាំ២០២៥ ដែលមាន៦៥៦,៤៥លានដុល្លារ។ ក្នុងចំនួននេះគឺកម្ពុជា នាំទៅជប៉ុន៤៨៧,៤១លានដុល្លារ កើនឡើង១៣,២% ចំណែកទំនិញជប៉ុន បាននាំមកកម្ពុជាវិញ២៦៦,០៦លានដុល្លារ កើន ១៧,៨%។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងថា ទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង២ បានជួយឱ្យសកម្មភាពនៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង២ និងការបណ្តាក់ទុនពីសំណាក់ វិនិយោគិនជប៉ុននៅក្នុងប្រទេសកម្ពុជាកើនឡើងជាបន្តបន្ទាប់។
លោកបន្ថែមថា “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលប្រទេសទាំង២ជាសមាជិក ក៏ជាចំណែកដែលជួយជំរុញឱ្យការផ្លាស់ប្តូរ ពាណិជ្ជកម្មរវាងប្រទេសទាំង២កាន់តែប្រសើរផងដែរ”។
អ្នកឧកញ៉ាបានបន្តថា ដើម្បីជំរុញការនាំចេញទំនិញពីកម្ពុជាទៅប្រទេសជប៉ុនឱ្យបានកាន់តែច្រើន នាពេលកន្លងមកសភាពាណិជ្ជកម្មកម្ពុជា ក៏បានបើកការិយាល័យតំណាងរបស់ខ្លួន នៅក្នុងប្រទេសជប៉ុនផងដែរ។ ការិយាល័យតំណាងមានតួនាទី ក្នុងការជួយផ្សព្វផ្សាយពីផលិតផលកម្ពុជាសម្រាប់នាំចេញ និងជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យចូលមកបើកអាជីវកម្ម ឬរោងចក្រផលិតនៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារជប៉ុន និងប្រទេសជាច្រើនទៀតលើពិភពលោក៕







