អ្នកជំនាញ​៖ ការទិញ​ខុន​ដូ​សម្រាប់​ជួល​មានឱកាស​ទទួល​បាន​ចំណូល​ច្រើនជាង​ផ្ទះល្វែង​

0
ខុនដូមួយនៅកោះពេជ្រ។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​លើកឡើង​ថា​ ការទិញ​ខុន​ដូ​ទុក​សម្រាប់​ជួល​ គឺ​មានឱកាស​អាច​ទទួល​បាន​ចំណូល​ច្រើនជាង​ការទិញ​ផ្ទះល្វែង​ ឬផ្ទះ​វីឡា​កម្រិតមធ្យម​សម្រាប់​ជួល​ ប៉ុន្តែ​ឱកាស​នៃ​ការ​ទទួល​បាន​ចំណូល​នេះ​ នៅ​ទាប​ជាង​ការទិញ​ដី​ទុក​សម្រាប់​វិនិយោគ​បន្ត​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​កាលពី​ល្ងាច​ថ្ងៃ​ទ២០​ ខែឧសភា​ ឆ្នាំ២០១៩ថា​ បើ​ធ្វើការ​ប្រៀបធៀប​ទៅលើ​ឱកាស​ នៃ​ការ​ទទួល​បាន​ចំណូល​ពី​ការជួល​រវាង​ខុន​ដូ​ និង​ផ្ទះល្វែង​ ឬផ្ទះ​វីឡា​កម្រិតមធ្យម​ ភាគរយ​ច្រើន​គឺ​ខុន​ដូ​មានឱកាស​ខ្ពស់​។ លោក​ឧកញ៉ា​បាន​បន្ត​ថា​ ជា​ការពិត​ ចំពោះ​ភាគរយ​ដែល​ទទួល​បាន​ចំណូល​ត្រឡប់មកវិញ​ តបនឹង​ការ​វិនិយោគ​ដោយ​ការជួល​ (Return​ of​ Investment​) រវាង​ផ្ទះល្វែង​ ឬជា​ប្រភេទ​ផ្ទះ​វីឡា​ គឺ​មាន​អត្រា​ទាប​ជាង​ខុន​ដូ​។

​ផ្ទះល្វែង​ ឬផ្ទះ​វីឡា​កម្រិតមធ្យម​ ដែល​ជា​ប្រភេទ​លំនៅ​ដ្ឋាន​ ទិញ​ក្នុង​តម្លៃ​ជាង២០​-៣០ម៉ឺន​ដុល្លារ​ អាច​ដាក់​ជួល​បាន​ត្រឹម​តម្លៃ​យ៉ាងច្រើន៧០០ទៅ៨០០ដុល្លារ​ ក្នុង​មួយ​ខែ​តែប៉ុណ្ណោះ​ ប៉ុន្តែ​បើ​ចំពោះ​ខុន​ដូ​ ដែល​ទិញ​ត្រឹម​ប្រមាណ​ជាង១០​-១៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​យូនី​ត អាច​ជួល​បាន​រហូតដល់១០០០​-១៥០០ដុល្លារ​ក្នុង​មួយ​ខែ​ ដូច្នេះ​ការ​វិនិយោគ​ទៅលើ​ខុន​ដូ​នៅតែ​មានឱកាស​ខ្ពស់​។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ថា​ បើ​ទោះជា​ការជួល​ខុន​ដូ​ តម្រូវ​ចំណាយ​ខ្ពស់​ជាង​ការជួល​ផ្ទះល្វែង​ ឬផ្ទះ​វីឡា​ ក៏​ការជួល​ខុន​ដូ​នៅតែ​មាន​ប្រជាប្រិយ​ភាព​ ជាពិសេស​ពីសំណាក់​ជនបរទេស​ ដោយសារ​វា​មាន​កក្តា​ល្អជា​ច្រើន​ដូចជា​ មាន​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ខ្ពស់​ មានការ​សម្អាត​បរិស្ថាន​ជុំវិញ​បាន១០០ភាគរយ​ មាន​កន្លែង​ហាត់ប្រាណ​ ក៏ដូចជា​ការ​បង្ហាញ​ពី​ភាព​ស៊ីវិល័យ​ផង​ដែរ​។ អ្វី​ដែល​ជា​ចំណុច​ពិសេស​ ខុន​ដូ​ភាគច្រើន​ត្រូវ​បាន​សាងសង់​ឡើង​នៅ​កណ្តាល​ក្រុង​ ដែល​ជា​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជ​ និង​ជា​កន្លែង​ធ្វើការ​ ដែល​ខុសប្លែក​ពី​ផ្ទះល្វែង​ ឬផ្ទះ​វីឡា​ ដែល​ភាគច្រើន​ត្រូវ​បាន​គេ​អភិវឌ្ឍ​ក្នុង​បុរី​ ដែល​ស្ថិតនៅ​តំបន់​ឆ្ងាយ​ពី​ក្រុង​ ឬតំបន់​ជាយក្រុង​»។

អគ្គ​នាយិកា​ក្រុមហ៊ុន​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃជា​មួយ​គ្នា​នេះ​ថា​ ឱកាស​នៃ​ការ​ទទួល​បាន​ចំណូល​ពី​ការជួល​ ខុន​ដូ​ អាច​បាន​ច្រើនជាង​ផ្ទះល្វែង​ពិតមែន​ ប៉ុន្តែ​មិន​មានន័យថា​ គ្រប់​ខុន​ដូ​ទាំងអស់​សុទ្ធតែ​មានឱកាស​ល្អ​ដូចគ្នា​នោះ​ទេ​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ ៖ «ខុន​ដូ​ដែល​អាច​ជួល​បាន​ក្នុង​តម្លៃ​ល្អ​ ភាគច្រើន​គឺ​មានតែ​នៅ​ម្ដុំ​បឹងកេងកង១តែប៉ុណ្ណោះ​ ដែល​អាច​ជួល​បាន​ប្រមាណ១៥០០​-២០០០​ដុល្លារ​​ក្នុង​មួយ​ខែ​ ដោយសារតែ​នៅ​តំបន់​នេះ​ មាន​ប្រមូល​ម្ដុំ​ដោយ​មណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​។

​លោកស្រី​បន្ត​ថា​ បើ​នៅ​តំបន់​ផ្សេង​ ដូចជា​ នៅ​ម្តុំ​បឹងទំពុន​ ទួលទំពូង​ជាដើម​ អាច​ជួល​បាន​ត្រឹម​ ៥០០​-៧០០​ ដុល្លារ​ក្នុង​មួយ​ខែ​តែប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​ផ្ទះល្វែង​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ទីប្រជុំជន​ ឬក្បែរ​សាលារៀន​ ក៏អាច​ទទួល​បាន​ចំណូល​ច្រើន​គួរសម​ដែរ​ ដែល​យ៉ាងហោចណាស់​ក៏​ទទួល​បាន​ប្រមាណ១០០០ដុល្លារ​ក្នុង​មួយ​ខែ​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here