ទីផ្សារលំនៅឋានរបស់ប្រទេសចិនបង្ហាញសញ្ញានៃការងើបឡើងវិញក្នុងល្បឿនសន្សឹមៗ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានរបស់ប្រទេសចិនបានធ្លាក់ចុះអស់រយៈពេល៥ឆ្នាំមកហើយ ប៉ុន្តែក្រុមអ្នកវិភាគមួយចំនួនកំពុងចាប់ផ្តើមមានសុទិដ្ឋិនិយមជាងមុន បន្ទាប់ពីការចេញផ្សាយទិន្នន័យរឹងមាំនៅក្នុងខែមេសា។

ធនាគារ Bank of America អះអាងថា សញ្ញាដំបូងនៃការងើបឡើងវិញកំពុងលេចឡើង និងជឿជាក់ថា ទីផ្សារកំពុងមានស្ថិរភាពជាងមុន។ ធនាគាររំពឹងថា ការងើបឡើងវិញនឹងកើតឡើងសន្សឹមៗក្នុងរយៈពេលវែង។

ភាពប្រសើរឡើងនេះត្រូវបានជំរុញដោយស្ថិរភាពនៃតម្រូវការជួលលំនៅឋាននៅក្នុងបណ្តាទីក្រុងធំៗដូចជា ទីក្រុងសៀងហៃ និងទីក្រុងសុិនជិន ជាពិសេសនៅក្នុងតំបន់ដែលជំរុញដោយឧស្សាហកម្ម និងបច្ចេកវិទ្យា AI។

លោក Karl Choi ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យទទួលបន្ទុក Greater China នៅធនាគារ Bank of America បានអះអាងថា ទីផ្សារកំពុងមានភាពប្រសើរឡើង ព្រោះផ្ទះមានតម្លៃសមរម្យជាងមុន បន្ទាប់ពីតម្លៃផ្ទះបានធ្លាក់ចុះជាង៣០ភាគរយចាប់តាំងពីឆ្នាំ២០២១ ហើយចំនួនមនុស្សដែលប្រញាប់លក់ផ្ទះចេញ មានការថយចុះ។

លោកក៏បានកត់សម្គាល់ផងដែរថា សកម្មភាពទិញកំពុងចាប់ផ្តើមងើបឡើងវិញ ហើយកំពុងងាកចេញយឺតៗពីទីផ្សារប្រភេទទី២ (second-hand) ទៅរកលំនៅឋានថ្មីៗ ជាពិសេសសម្រាប់អ្នកទិញផ្ទះលើកដំបូង។

លោក Edward Chan អ្នកវិភាគអចលនទ្រព្យនៅទីភ្នាក់ងារ S&P Global Ratings បានលើកឡើងថា តម្រូវការបានកើនឡើងនៅក្នុងខែមេសា ជាពិសេសនៅក្នុងទីក្រុងលំដាប់ទីមួយ។ ទោះជាយ៉ាងណា យើងនៅតែត្រូវរង់ចាំមើលថា តើកំណើននេះមានចីរភាពឬអត់។

យោងតាមទិន្នន័យរបស់ធនាគារ Bank of America បានបង្ហាញថា ការលក់ផ្ទះថ្មីនៅទូទាំងទីក្រុងសំខាន់ៗចំនួន៣០ ក្នុងរយៈពេល១៨ថ្ងៃដំបូងនៃខែមេសា បានកើនឡើង៣ភាគរយ ដែលជំរុញដោយការហក់ឡើង៣២ភាគរយនៃការលក់ផ្ទះនៅក្នុងបណ្តាទីក្រុងលំដាប់ទីមួយ៕ប្រភព: SCMP៕


ចែករំលែក