ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគបានអះអាងថា ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើងយ៉ាងគំហុកនៅត្រីមាសទី១ ស្របពេលទីផ្សារការិយាល័យ និងលក់រាយនៅហុងកុង និងចិនដីគោកបានបង្ហាញសញ្ញាងើបឡើងវិញ។
ការវិនិយោគសរុបលើការិយាល័យ អចលនទ្រព្យលក់រាយ ឧស្សាហកម្ម មជ្ឈមណ្ឌលទិន្នន័យ សណ្ឋាគារ អាផាតមុិនលំនៅឋានសម្រាប់មនុស្សចាស់និងទ្រព្យសកម្មផ្សេងទៀតបានកើនឡើង២២ភាគរយ ដល់៥១,១ពាន់លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
យោងតាមក្រុមហ៊ុនទិន្នន័យ និងវិភាគ MSCI បានឱ្យដឹងថា ទីក្រុងហុងកុងបានគ្របដណ្តប់ចំណែកចំនួន១,៨ពាន់លានដុល្លារអាមេរិក ហក់ឡើង ៣៦៧ ភាគរយ ដោយឈរនៅលេខរៀងទី២ បន្ទាប់ពីប្រទេសសិង្ហបុរី ដែលបានហក់ឡើង៤៣៩ភាគរយ។

តំបន់ចិនដីគោកជាទីផ្សារកំពូល ដោយមានការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់ចំនួន១៣,៤ពាន់លានដុល្លារអាមេរិក ហក់ឡើង៥៥ភាគរយចន្លោះពីខែមករាដល់ខែមីនា ឆ្នាំ២០២៦។
លោក Benjamin Chow ប្រធានផ្នែកស្រាវជ្រាវទ្រព្យសកម្មឯកជនសម្រាប់តំបន់អាស៊ីនៅក្រុមហ៊ុន MSCI បានលើកឡើងថា «ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើងយ៉ាងគំហុកនៅត្រីមាសទី១ ហើយហុងកុងជាទីផ្សារសំខាន់មួយនៅពីក្រោយកំណើននេះ»៕ប្រភព: SCMP៕







