ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា លើការត្រៀមរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។
ព័ត៌មាននេះ ត្រូវបានបង្ហាញក្នុងឱកាស លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham)ដឹកនាំដោយ លោក Devin Barta ប្រធានAmCham ជុំវិញការត្រៀមរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដែលគ្រោងនឹងធ្វើឡើង នាដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានAmCham ទទួលបន្ទុកធ្វើជាអ្នកសម្របសម្រួល និងរៀបចំកម្មវិធី។
អង្គប្រជុំបានពិនិត្យពិភាក្សា លើវឌ្ឍនភាពនៃដំណើរការរៀបចំ និងរបៀបវារៈសំខាន់ៗពាក់ព័ន្ធនឹងកម្មវិធី ក្នុងគោលដៅធានាឱ្យដំណើរការកម្មវិធីប្រព្រឹត្តទៅដោយរលូន មានភាពបត់បែន ទទួលបានលទ្ធផលជាផ្លែផ្កា និងអាចឆ្លើយតប ចំពោះតម្រូវការជាក់ស្តែងរបស់វិនិយោគិន។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំឱ្យផ្តោតការយកចិត្តទុកដាក់ លើការកំណត់ប្រធានបទពិភាក្សា ឱ្យបានច្បាស់លាស់ ចំគោលដៅ និងឆ្លើយតបទៅនឹងបច្ចុប្បន្នភាព នៃនិន្នាការសេដ្ឋកិច្ចសកល ជាពិសេសការលើកឡើងពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួមគ្នា សំដៅធានាដល់កាលានុវត្តភាព វិនិយោគយ៉ាងពិតប្រាកដសម្រាប់ធុរជនទាំងអស់។
ជាការឆ្លើយតប លោកប្រធាន Devin Barta បានបង្ហាញនូវក្តីសោមនស្សរីករាយដែល AmCham ទទួលបានសេចក្តីទុកចិត្តក្នុងការរៀបចំ ពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២នេះ ដែលនេះជាវេទិកាដ៏សំខាន់ ក្នុងការបង្កើនការសន្ទនា ដោយត្រង់ទៅត្រង់មកនិងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងតំណាងវិស័យឯកជន។
តាមរយៈការត្រៀមរៀបចំយ៉ាងហ្មត់ចត់ រវាង ក.អ.ក. និង AmCham ពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២ នាដើមខែមិថុនាខាងមុខ ត្រូវបានរំពឹងថា នឹងបន្តដើរតួជាកាតាលីករដ៏សំខាន់មួយ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពបត់បែន និងបង្កភាពងាយស្រួល ដល់ប្រតិបត្តិការវិនិយោគិនពីវិស័យឯកជន៕







