ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោកជំទាវចម និម្មល និងវិស័យឯកជនបានបើកកិច្ចពិភាក្សា ទាក់ទងនឹងយន្តការលើកទឹកចិត្តវិនិយោគិនបរទេស និងជម្រុញការអភិវឌ្ឍវិស័យវាយណភ័ណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរ។
កិច្ចពិភាក្សានេះធ្វើឡើង ក្នុងឱកាស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយលោកEnjoy Ho ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកប្រធានសមាគម បានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងការបន្តធ្វើការរួមគ្នា ដើម្បីជំរុញកំណើននៃការនាំចេញរបស់កម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងបានពិភាក្សាស៊ីជម្រៅ ដើម្បីពិនិត្យលើយន្តការលើកទឹកចិត្តវិនិយោគិនបរទេស និងការជំរុញអភិវឌ្ឍបន្ថែម លើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា៕







