ប្រទេស​ម៉ាឡេស៊ី​កំពុង​ក្លាយ​ជា​ជម្រើស​វិនិយោគ​ដ៏​ទាក់​ទាញ​លើ​មជ្ឈ​មណ្ឌល​ទិន្នន័យ​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសម៉ាឡេស៊ី ជាពិសេសរដ្ឋ Johor កំពុងក្លាយជាជម្រើសមួយដែលថ្លៃដើមសមរម្យជាងប្រទេសសិង្ហបុរីសម្រាប់ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ ខណៈម៉ាឡេសុីមានដីច្រើនជាង ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល និងការលើកទឹកចិត្តដ៏ទាក់ទាញ។

យោងតាមការវាយតម្លៃរបស់ទីភ្នាក់ងារឥណទាន Moody’s ទីក្រុង Johor មានភាពទាក់ទាញចំពោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដោយសារររដ្ឋនេះមានទីតាំងនៅជិតប្រទេសសិង្ហបុរី និងលទ្ធភាពទទួលបានការតភ្ជាប់សកលដ៏រឹងមាំរបស់ប្រទេសសិង្ហបុរី។

បច្ចុប្បន្ន ទីក្រុង Johor មានសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យប្រហែល៨៩៧មេហ្គាវ៉ាត់ និងគម្រោងថ្មីៗជាច្រើនកំពុងស្ថិតក្នុងការអភិវឌ្ឍន៍។ ក្រុមហ៊ុនធំៗដូចជា Microsoft និង Oracle បានប្តេជ្ញាបណ្តាក់ទុនវិនិយោគនៅទីនោះ បន្ទាប់ពីក្រុមហ៊ុន ByteDance បានឈានជើងចូល។

ប្រទេសសិង្ហបុរីនៅតែជាមជ្ឈមណ្ឌលទិន្នន័យដ៏ធំ និងទំនើបបំផុតរបស់តំបន់អាស៊ាន ដែលមានសមត្ថភាពប្រហែល១ជីហ្គាវ៉ាត់។ ទោះជាយ៉ាងណា កង្វះដីធ្លី កង្វះខាតថាមពល និងច្បាប់ស្តីពីនិរន្តរភាពកំពុងជះផលប៉ះពាល់ដល់វិស័យមជ្ឈមណ្ឌលទិន្នន័យរបស់សិង្ហបុរី។

ក្រុមហ៊ុន Moody’s បានអះអាងថា ប្រទេសម៉ាឡេស៊ី ជាទីផ្សារមជ្ឈមណ្ឌលទិន្នន័យដែលមានការរីកចម្រើនលឿនបំផុតមួយនៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខណៈប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងបញ្ជូនទិន្នន័យគ្រប់គ្រាន់។

ទោះជាយ៉ាងណា ប្រទេសម៉ាឡេស៊ីនឹងត្រូវការការវិនិយោគសំខាន់ៗក្នុងការផលិតថាមពល និងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញអគ្គិសនី ដើម្បីគាំទ្រដល់តម្រូវការនាពេលអនាគត៕ប្រភព: Bernama៕


ចែករំលែក