ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងម៉ានីលរបស់ហ្វីលីពីនជាប់ឈ្មោះជាទីផ្សារលំនៅឋានមួយក្នុងចំណោមទីផ្សារលំនៅឋានដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោក ដោយប្រៀបធៀបប្រាក់ចំណូលគ្រួសារជាមួយនឹងតម្លៃលំនៅឋានសម្រាប់លក់ និងជួលនៅក្នុងទីក្រុងជាង ៤០ នៅទូទាំងពិភពលោក។
តម្លៃផ្ទះជាមធ្យមមិនគួរមានទំហំទឹកប្រាក់លើសពី៥ដងនៃប្រាក់ចំណូលប្រចាំឆ្នាំមធ្យមនោះទេ ហើយថ្លៃជួលប្រចាំខែមធ្យម មិនគួរមានទំហំទឹកប្រាក់លើសពី៣០ភាគរយនៃប្រាក់ចំណូលប្រចាំខែមធ្យម ដើម្បីចាត់ទុកថា “មានតម្លៃសមរម្យបាន”។
តម្លៃខុនដូនៅក្នុងរដ្ឋធានីម៉ានីលរបស់ហ្វីលីពីនបានឈានដល់១៩,៨ដងនៃប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំជាមធ្យម ខណៈដែលតម្លៃផ្ទះ townhouse បានហក់ឡើងដល់៣៣,៤ដងនៃប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំជាមធ្យម។

បើធ្វើការប្រៀបធៀប លំនៅឋានសាធារណៈរបស់ប្រទេសសិង្ហបុរី ដែលមានប្រជាជនសិង្ហបុរីរស់នៅប្រហែល៨០ភាគរយ មានតម្លៃត្រឹមតែ៤,៣ដងនៃប្រាក់ចំណូលគ្រួសារជាមធ្យមប៉ុណ្ណោះ។
ទោះជាយ៉ាងណា អ្នកទិញផ្ទះឯកជននៅក្នុងប្រទេសសិង្ហបុរី «មិនបានជួបប្រទះស្ថានភាពល្អប្រសើរជាងនេះប៉ុន្មានទេ» ដោយតម្លៃផ្ទះឯកជននៅប្រទេសសិង្ហបុរីមានទំហំទឹកប្រាក់១៦,៩ដងនៃប្រាក់ចំណូលគ្រួសារជាមធ្យម។
វិបត្តិលំនៅឋាននៅប្រទេសហ្វីលីពីនបានកើតឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយតម្លៃអចលនទ្រព្យបានកើនឡើងលើសពីកំណើនប្រាក់ចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ប្រជាជនហ្វីលីពីនប្រហែល៣នាក់ក្នុងចំណោម៥នាក់មានផ្ទះផ្ទាល់ខ្លួន៕ប្រភព: The Strait Times ៕







