ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជារបត់ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលសម្រេចបាននូវការកំណត់ព្រំប្រទល់រដ្ឋបាល ដោយខេត្តកំពង់ចាម គឺជាខេត្តទី១ដែលមានផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ ច្បាស់លាស់ និងជាក់លាក់។
ព័ត៌មាននេះត្រូវបានបង្ហាញក្នុងឱកាស លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រារព និងប្រកាសកម្មវិធីនេះរួមគ្នានៅដើមសប្តាហ៍នេះ។
យោងតាមព័ត៌មានពីផេកផ្លូវការ ក្រសួងរៀបចំដែនដីបានឲ្យដឹងថា ផ្តើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាល និងផែនទីនៃការប្រើប្រាស់ដីនេះ រដ្ឋបាលខេត្ត និងឃុំ សង្កាត់ អាចដាក់ចេញនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវ និងជាក់លាក់ កំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ឧស្សាកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម ពិសេសកំណត់នូវសក្តានុពលរបស់ខេត្ត ដើម្បីរៀបចំរបៀងសេដ្ឋកិច្ចតភ្ជាប់ពីភូមិភាគឦសានទៅតំបន់ឆ្នេរ ។
ទៅមុខទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំឈ្មោះតំបន់ភូមិសាស្រ្តជាអក្សរខ្មែរ អក្សរឡាតាំង និងបាលីសំស្រ្កឹត ដើម្បីចុះបញ្ជីជាមួយGoogle map រៀបចំលេខកូដតំបន់ លេខកូដភូមិសាស្ត្រ និងអាសយដ្ឋានឱ្យបានច្បាស់លាស់។

ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចូលរួមជាមួយក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត លើទិសដៅរួមមួយដោយផ្អែកលើគោលនយោបាយ អាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយធ្វើការកសាងភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល និងបុរីជនបទ ដោយរៀបចំក្រុង និងប្រជុំជន ឱ្យមានលំហសាធារណៈ រៀបចំសំណង់មិនរៀបរយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យជនបទជាជនបទទំនើប។
ផ្តើមចេញពីការកសាងផែនទី ព្រំប្រទល់រដ្ឋបាលនាថ្ងៃនេះ យើងរួមគ្នាងាកមកកសាងជីវិត និងសេដ្ឋកិច្ចយើងឱ្យរឹងមាំ៕







