ការ​រីក​ចម្រើន​ផ្នែក​ AI ​ជំរុញ​ឱ្យ​តម្លៃ​លំនៅឋាន​នៅ​ទីក្រុង​សាន់​ហ្វ្រាន់​ស៊ីស្កូ ​ហក់​ឡើង​យ៉ាង​លឿន​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) របស់សហរដ្ឋអាមេរិកកំពុងជួបប្រទះនឹងការរីកចម្រើនផ្នែកលំនៅឋាន ដែលជំរុញដោយឧស្សាហកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI។

ការកើនឡើងនៃតម្រូវការរបស់អ្នកជួល ការទាក់ទាញការដេញថ្លៃ លំហូរបុគ្គលិក និងបណ្តាវិនិយោគិនលើបច្ចេកវិទ្យា AI ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ កំពុងជំរុញឱ្យតម្លៃលំនៅឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូកើនឡើង។

ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន AI ដូចជា ក្រុមហ៊ុន OpenAI និងក្រុមហ៊ុន Anthropic កំពុងបង្កើតទ្រព្យសម្បត្តិយ៉ាងច្រើន។ ការកើនឡើងនៃប្រាក់ខែ និងតម្លៃភាគហ៊ុន និងការបោះផ្សាយលក់មូលបត្រពីក្រុមហ៊ុនដូចជា SpaceX កំពុងចាក់បញ្ចូលសាច់ប្រាក់កាន់តែច្រើនចូលទៅក្នុងទីផ្សារលំនៅឋាន។

ជាលទ្ធផល បច្ចុប្បន្ន តម្លៃលំនៅឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ជាតម្លៃខ្ពស់បំផុតមួយនៅសហរដ្ឋអាមេរិក។ តម្លៃជួលជាមធ្យមសម្រាប់អាផាតមុិនដែលមានបន្ទប់គេងចំនួន២ មានចំនួន៥.៥០០ ដុល្លារអាមេរិកក្នុងមួយខែ ខណៈតម្លៃជួលអាផាតមុិនដែលមានបន្ទប់គេងចំនួន១ មានតម្លៃជាង៤.០០០ដុល្លារអាមេរិកក្នុងមួយខែ។

ចំណែក តម្លៃផ្ទះជាមធ្យមនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានហក់ឡើងដល់កំណត់ត្រាថ្មីចំនួន២,១៥ លានដុល្លារអាមេរិក។

ការកើនឡើងនៃតម្លៃលំនៅដ្ឋានកំពុងធ្វើឱ្យគម្លាតសង្គមកាន់តែរីកធំឡើង ខណៈពេលដែលការជជែកវែកញែកនៅតែបន្តកើតមាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាលើបញ្ហាដូចជាការយកពន្ធពីមហាសេដ្ឋី និងការដោះស្រាយវិបត្តិលំនៅឋាន៕ប្រភព: Bloomberg៕


ចែករំលែក