ដោយៈ ចំណាន
ភ្នំពេញៈ លោកស្រីទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា កម្ពុជានៅតែជាគោលដៅវិនិយោគដ៏មានសក្តានុពល និងជាមិត្តដ៏គួរឲ្យទុកចិត្តបំផុតរបស់ចិន។
លោកស្រីលើកឡើងបែបនេះ ក្នុងឱកាសលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឱ្យលោកស្រី Zhong Jie ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រីបានបញ្ចប់អាណត្តិបេសកកម្មការងារ ដោយជោគជ័យនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកស្រីZhong Jie ក៏បានធ្វើការណែនាំ លោក Xue Dong ដែលជាសមាសភាពទីប្រឹក្សា ទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មថ្មី ដើម្បីបន្តវេនការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ក្នុងជំនួបនាព្រឹកនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់លោកស្រី Zhong Jie ក្នុងអាណត្តិការងារកន្លងមក ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី លើកកម្ពស់ការវិនិយោគផ្ទាល់ពីប្រទេសចិនមកកម្ពុជា និងការសម្របសម្រួល គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន។
លោកបញ្ជាក់ថា “សមិទ្ធផលទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ ដល់ការលូតលាស់សេដ្ឋកិច្ចកម្ពុជា និងបានពង្រឹងនូវទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែប (Ironclad Friendship) រវាងកម្ពុជា និងចិន ឱ្យកាន់តែចាក់ឫសយ៉ាងជ្រៅ។
ជាការឆ្លើយតប លោកស្រីZhong Jie បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលោកឧបនាយករដ្ឋមន្ត្រី និងក្រុមការងារនៃ ក.អ.ក. ដែលជានិច្ចកាលតែងតែផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ បង្កលក្ខណៈងាយស្រួល និងគាំទ្រដល់បេសកកម្មការទូតរបស់លោកស្រី ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
លោកស្រីបានគូសបញ្ជាក់ថា “កម្ពុជានៅតែជាគោលដៅវិនិយោគដ៏មានសក្តានុពល និងជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់ចិន”។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកXue Dong ក្នុងឱកាសទទួលបានការតែងតាំងជាទីប្រឹក្សាថ្មី។
លោកបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លោក Xue Dong នឹងបន្តវប្បធម៌សហប្រតិបត្តិការដ៏ល្អនេះ ដោយបន្តជំរុញ និងទាក់ទាញវិនិយោគិនចិន ដែលមានសក្តានុពលខ្ពស់មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក.អ.ក បានត្រៀមខ្លួនជាស្រេច ក្នុងការសហការយ៉ាងជិតស្និទ្ធ ជាមួយលោកទីប្រឹក្សាថ្មី និងស្ថានទូតចិន ដើម្បីសម្របសម្រួល គាំទ្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់វិនិយោគិន សំដៅធានាឱ្យបាននូវបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ ជឿទុកចិត្ត និងមានផ្លែផ្កា៕







