ដោយៈ ម៉ាលីនណា
ជប៉ុនៈ ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោកស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើសមភាគីជប៉ុនពិនិត្យលើការបើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជាឡើងវិញ។
ការលើកឡើងនេះ ធ្វើឡើងនៅថ្ងៃទីមួយនៃការបំពេញបេសកកម្ម គោះទ្វារទាក់ទាញ និងជំរុញវិនិយោគនៅលើទឹកដី នៃប្រទេសជប៉ុន របស់លោកស៊ុន ចាន់ថុល ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារកម្រិតខ្ពស់ជាមួយ លោក Norihiko ISHIGURO ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅទីស្នាក់ការកណ្តាលរបស់ JETRO នាទីក្រុងតូក្យូ ក្រោមកិច្ចសម្របសម្រួល និងរៀបចំយ៉ាងយកចិត្តទុកដាក់ពី JETRO ប្រចាំនៅរាជធានីភ្នំពេញ។
ជំនួបនាព្រឹកនេះ ធ្វើឡើងក្នុងបរិយាកាសដ៏ស្និទ្ធស្នាល ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។
ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅលើទិដ្ឋភាពសំខាន់ៗជាច្រើន ដូចជា ការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) ដែលផ្តោតលើការលើកកម្ពស់បរិយាកាសវិនិយោគ ការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងការទាក់ទាញក្រុមហ៊ុនសាជីវកម្មធំៗ ក៏ដូចជា សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជា។

នៅក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យភាគីជប៉ុន ចាប់ផ្តើមជាវិញនូវជើងហោះហើរត្រង់ រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញ ដើម្បីចូលរួមជុំវិញកិច្ចសហប្រតិបត្តិការ វិនិយោគរវាងប្រទេសទាំងពីរ។
ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងមុតមាំ ក្នុងការប្តេជ្ញាពង្រឹងសកម្មភាព ការងាររួមគ្នាឱ្យកាន់តែសកម្ម និងមុតស្រួចថែមទៀត ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈម ឬកង្វល់នានារបស់វិនិយោគិនជប៉ុន ផ្អែកលើការផ្តល់អនុសាសន៍ណែនាំ និងកញ្ចប់ដំណោះស្រាយប្រកបដោយយន្តការយុទ្ធសាស្ត្រពីរាជរដ្ឋាភិបាលកម្ពុជា។
ការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហានេះ គឺដើម្បីធានាឱ្យបាននូវសេវាគាំទ្រវិនិយោគមួយ ប្រកបដោយភាពកក់ក្តៅ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលជាគន្លឹះដ៏សំខាន់ ក្នុងការរក្សាវិនិយោគិនចាស់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតពីជប៉ុន៕







