ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីពិសេស សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអាទិភាពការងារបន្ត។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន “ក.វ.ឦសាន” បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន “ក.វ.ឦសាន”។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន ទីប្រឹក្សា និងសមាជិក សមាជិកាពាក់ព័ន្ធ នៃលេខាធិការដ្ឋានក្រុមការងារ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ ២០២៦ នៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា និង ដាក់ចេញទិសដៅអាទិភាពការងារបន្ត។

លោកបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ជូនលេខាធិការដ្ឋានក្រុមការងារ ឱ្យបន្តយុទ្ធនាការផ្សព្វផ្សាយកម្មវិធីពិសេស និងពង្រីកទំនាក់ទំនង ជាមួយវិនិយោគិន និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការវិនិយោគ និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិន ដោយផ្សារភ្ជាប់ជាមួយ ការសម្របសម្រួលការអនុវត្ត គម្រោងវិនិយោគជាប្រចាំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃគោលការណ៍លើកទឹកចិត្ត ការសម្រួលនីតិវិធី និង ការទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគ បានឆាប់រហ័ស ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ ចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និង វិស័យទេសចរណ៍ នៅភូមិភាគឦសាន ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់បញ្ហាប្រឈមចំពោះមុខ ជាពិសេស ក្នុងបរិការណ៍ដែលពិភពលោកទាំងមូលជួបប្រទះនឹងបញ្ហានៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និង ជីកសិកម្ម ព្រមទាំង រៀបចំជាយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាប្រឈម រយៈពេលមធ្យម ដើម្បីជាមូលដ្ឋាន សម្រាប់ការស្នើសុំវិធានការដោះស្រាយសមស្រប៕








