រដ្ឋាភិបាលប្រកាសជាផ្លូវការ “សហគ្រាពាណិជ្ជកម្មកម្ពុជា”

ចែករំលែក

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) – Cambodia Trade Enterprise (CTE)”។

ពិធីនេះធ្វើឡើងក្រោមអធិបតី លោកកឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ថ្លែងក្នុងសុន្ទរកថាបើក លោករដ្ឋលេខាធិការប្រចាំការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ដ៏ល្អប្រសើរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ រយៈពេលប្រមាណ៣០ឆ្នាំកន្លងមក ក្នុងការរក្សាស្ថិរភាពសន្តិសុខស្បៀង និងការរក្សារលំនឹងទីផ្សារក្នុងគ្រាលំបាក (ដូចជាអំឡុងកូវីដ-១៩ និងពលរដ្ឋភៀសសឹក)។

លោកបន្តថា ការបង្កើត (ស.ព.ក. – CTE) គឺជាការឆ្លើយតបប្រកបដោយភាពបត់បែន និងទុករយៈពេលវែង ហើយការបង្កើតនេះ មិនមែនក្នុងគោលបំណងប្រកួតប្រជែង ឬជំនួសតួនាទីរបស់វិស័យឯកជននោះទេ ប៉ុន្តែ ស.ព.ក. – CTE នឹងដើរតួជា “ដៃគូយុទ្ធសាស្ត្រប្រកបដោយថាមវន្ត” ដើម្បីបើកផ្លូវទៅរកកាលានុវត្តភាពអាជីវកម្មថ្មីៗ ជួយអភិវឌ្ឍទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់វិស័យឯកជនកម្ពុជា។

លោកកឹម ស៊ីថនបានបន្ថែមថា ការប្រកាសដាក់ឱ្យដំណើរការ ស.ព.ក. – CTEនាពេលនេះ ក៏ជាផ្នែកមួយនៃការអនុវត្តចក្ខុវិស័យជាយុទ្ធសាស្ត្រ “ឆ្ពោះទៅឧត្តមភាព នៃវិស័យពាណិជ្ជកម្មកម្ពុជា ប្រកបដោយ ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង” តាមរយៈនិម្មាបនកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៦-២០២៨ លើការងារស្នូលទាំង៣ គឺ៖ បរិវត្តកម្មស្ថាប័ន ពាណិជ្ជកម្មក្នុងប្រទេស និងពាណិជ្ជកម្មអន្តរជាតិ។

ជាមួយគ្នានេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ថ្វីត្បិតតែអង្ករនៅតែជាទំនិញយុទ្ធសាស្ត្រដ៏ចម្បងCTE នឹងពង្រីកវិសាលភាពអន្តរាគមន៍ និងការស្វែងរកឱកាសទីផ្សារអន្តរជាតិ លើកសិផលសក្តានុពលដទៃទៀត ព្រមទាំងផលិត​ផលសរីរាង្គ និងកសិផលកែច្នៃផ្សេងៗទៀត សំដៅបង្កើនតម្លៃបន្ថែមក្នុងស្រុក និងពង្រីកការនាំចេញ។

ដើម្បីធានាឱ្យសហគ្រាសសាធារណៈ ដ៏ទំនើបមួយនេះ អនុវត្តតួនាទីភារកិច្ច ឱ្យមានប្រសិទ្ធភាព និងចំទិសដៅ ឯកឧត្តមរដ្ឋលេខា​ធិការប្រចាំការ បានផ្តល់អនុសាសន៍ណែនាំដូចជា ទី១. លើកទឹកចិត្ត ស.ព.ក. – CTE ឱ្យបង្កើនកិច្ចសហការជិតស្និទ្ធជាមួយកសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម (SMEs) និងវិនិយោគិន។ ទី២. លើកទឹកចិត្ត ស.ព.ក. – CTE ឱ្យប្រកាន់ខ្ជាប់គោលការណ៍ស្នូល៖ ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ផ្អែកលើភាពជាដៃគូ និងប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ តម្លាភាព និងវិជ្ជាជីវៈខ្ពស់។

ទី៣. លើកទឹកចិត្ត ស.ព.ក. – CTE សហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ដើម្បីតាមដាននិន្នាការទីផ្សារ និងរៀបចំយុទ្ធសាស្ត្រជ្រៀតចូលទីផ្សារអន្តរជាតិថ្មីៗ។

ទី៤. លើកទឹកចិត្ត ស.ព.ក. -CTE បន្តចូលរួមយ៉ាងសកម្ម ជាមួ​យវិស័យឯកជនក្នុងដំណើរការចរចា និងទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់។

ទី៥. លើកទឹកចិត្ត ស.ព.ក. – CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បង្កើតប្រព័ន្ធតាមដានតម្លៃទីផ្សារក្នុងនិងក្រៅប្រទេសឱ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមវិធានការអន្តរា​គមន៍ទីផ្សារបានទាន់ពេលវេលា ការពារជីវភាពប្រជាពលរដ្ឋជាដើម៕


ចែករំលែក