រដ្ឋាភិបាល​រៀបចំ​ដាក់​បញ្ចូល​តំបន់​ភ្នំ​ចំនួន​៩​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឱ្យក្លាយជា​តំបន់​ការពារ​ធម្មជាតិ​

ចែករំលែក

ដោយៈ ម៉ាល័យ

    បន្ទាយមានជ័យៈ រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បាននិងកំពុងរៀបចំដាក់បញ្ចូលតំបន់ភ្នំចំនួន៩ នៅក្នុងខេត្តបន្ទាយមានជ័យ ឱ្យក្លាយជាតំបន់ការពារធម្មជាតិ ដើម្បីអភិរក្សវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ព្រៃឈើ ប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់សក្ដានុពលទេសចរណ៍។

យោងតាមក្រសួងបរិស្ថាន នាថ្ងៃអង្គារទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះបានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យការស្នើសុំគាំទ្រដំណើរការ រៀបចំបង្កើតតំបន់ការពារទេសភាព ឬតំបន់បេតិកភណ្ឌវប្បធម៌និងធម្មជាតិចំពោះតំបន់ភ្នំចំនួន៩ភ្នំរបស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ម៉ុម ថានី។

យោងតាមសំណើររបស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ក្រុមការងារបានគាំទ្រ ដំណើរការរៀបចំបង្កើតតំបន់ការពារធម្មជាតិ ដែលគ្រោងបង្កើតភ្នំចំនួន៤ ជាតំបន់បេតិកភណ្ឌធម្មជាតិ រួមមាន ភ្នំកងវ៉ា មានផ្ទៃដីទំហំ៥០ហិកតា ភ្នំជ្រាប់ មានផ្ទៃដីទំហំ៥៨,៥១ហិកតា ភ្នំតូច មានផ្ទៃដីទំហំ៥២,៨០ហិកតា និងភ្នំស្រេះ មានផ្ទៃដីទំហំ ២២ហិកតា។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើតំបន់ភ្នំចំនួ​ន៥ ជាតំបន់ការពារទេសភាព ដូចជាៈ ភ្នំវែង មានផ្ទៃដីទំហំ ២៧០ហិកតា ភ្នំម៉ាឡៃ មានផ្ទៃដីទំហំ១០៨ហិកតា ភ្នំទឹកចេញមានផ្ទៃដីទំហំ ២៦២,៣១៦ហិកតា ភ្នំខ្លាកូន មានផ្ទៃដីទំហំ៦៨ហិកតា និងភ្នំពង្រ មានផ្ទៃដីទំហំ១៧ហិកតា។

ក្រុមការងារដែលមានមន្រ្តីជំនាញ នាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃអគ្គយកដ្ឋានសហគមន៍មូលដ្ឋាន នឹងបន្តសហការជាមួយមន្រ្តីជំនាញមកពីអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអង្គការដៃគូ ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាននិងទិន្នន័យ ដែលនៅខ្វះខាតមួយចំនួនបន្ថែមទៀត ទាក់ទងទៅនឹងសង្គម សេដ្ឋកិច្ចនៅក្នុងតំបន់ តម្លៃវប្បធម៌និងទេសចរណ៍ ទិន្នន័យវិទ្យាសា​ស្រ្ត​ជីវៈចម្រុះ រុក្ខជាតិ និងសត្វ។

ក្រសួងបរិស្ថានកំពុងគ្រប់គ្រង តំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន៧៣ ដែលគ្រប់ដណ្តប់លើផ្ទៃដីជាង៧លានហិកតា ស្មើនឹងប្រមាណ៤១% នៃផ្ទៃដីប្រទេស។

តំបន់ការពារធម្មជាតិទាំងនោះ ត្រូវបានបែងចែកជាប្រភេទ រួមមាន៖ឧទ្យានជាតិ មានចំនួន៩តំបន់ ឧទ្យានជាតិសមុទ្រមានចំនួន២ តំបន់ ដែនជម្រកសត្វព្រៃមានចំនួន១៨តំបន់ តំបន់ការពារទេសភាពមានចំនួន១៤តំបន់។ តំបន់ប្រើប្រាស់ច្រើយ៉ាង មានចំនួន១១តំបន់ តំបន់រាមសារមានចំនួន៥តំបន់ និងតំបន់បេតិកភណ្ឌធម្មជាតិមានចំនួន១៤ តំបន់ផងដែរ៕


ចែករំលែក