ដោយៈ ចំណាន
ភ្នំពេញៈ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) និងជាប្រធានក្រុមការងារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០២៦-២០៣៥”។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីស្វែងរកធាតុចូល សម្រាប់ធ្វើការកែសម្រួល និង សម្រួចឯកសារដ៏មានសារៈសំខាន់នេះ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សមាជិក-សមាជិកានៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។
លោកបណ្ឌិតសភាចារ្យ អនុប្រធានប្រចាំការកបសបានគូសរំលេចអំពីសាវតារ នៃការរៀបចំសេចក្តីព្រាងឯកសារ ដ៏មានសារៈសំខាន់នេះថា ការដាក់ចេញនូវIDP ថ្មី គឺមានភាពចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរ រចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ព្រមទាំងនិន្នាការតំបន់ និងសកល ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ។
ឯកសារថ្មីនេះ បានកំណត់ចក្ខុវិស័យ “ការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និងជំនាញទាប ទៅឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យាខ្ពស់ តាមរយៈការកសាងមូលដ្ឋានឧស្សាហកម្ម ដែលមានភាពប្រកួតប្រជែង ពិពិធកម្ម និងភាពធន់ ដោយតភ្ជាប់ទៅនឹងខ្សែចង្វាក់តម្លៃសកល សមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក” ។
ជាមួយនេះ ឯកសារIDP ថ្មីនេះ បានកំណត់គោលបំណង ចំនួន ៤រួមមានទី១ បង្កើតការងារដែលមានជំនាញ និងបច្ចេកវិទ្យាខ្ពស់ ព្រមទាំងប្រាក់ចំណូលប្រសើរ ទី២ រក្សា និងជំរុញការចាក់ឫសឱ្យកាន់តែស៊ីជម្រៅ នូវរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង ទី៣ កសាងវិស័យដែលគាំទ្រដល់ការបង្កើនផលិតភាព នៃវិស័យឧស្សាហកម្មផ្សេងៗទៀត និងទី៤ តម្រង់ទិសគ្រប់វិស័យពាក់ព័ន្ធ ឱ្យមានភាពត្រៀមខ្លួនរួចរាល់ សម្រាប់និន្នាការអនាគត និងមានភាពធន់នឹងបរិស្ថាន។
លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់អំពីភាពចាំបាច់ ក្នុងការរៀបចំយន្តការស្ថាប័នដឹកនាំអនុវត្ត ដើម្បីធានាឱ្យបាននូវសហថាមពល (Synergy) ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅធ្វើការសម្រួចរចនាសម្ព័ន្ធស្ថាប័ន ឱ្យមានភាពស្វាហាប់ និង មុតស្រួច។
អង្គប្រជុំ បានការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបានរៀបចំឯកសារនេះឡើង ប្រកបដោយខ្លឹមសារ និងភាពគ្រប់ជ្រុងជ្រោយ ដែលឆ្លើយតបទៅនឹងស្ថានភាព និង និន្នាការតំបន់ និងសកល ដើម្បីចាប់យកកាលានុវត្តភាព រៀបចំមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍឱ្យបានរឹងមាំ ក្នុងទិសដៅប្រែក្លាយកម្ពុជាទៅជាប្រទេស ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ បានស្នើអង្គប្រជុំផ្តល់ធាតុចូលបន្ថែមមកក្រុមការងារ សំដៅកែលម្អសេចក្តីព្រាងឯកសារដ៏មានសារៈសំខាន់នេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងល្អប្រសើរថែមទៀត មុននឹងបន្តការពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបូកសរុបជាស្ថាពរ និងស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល៕







