តំបន់សេដ្ឋកិច្ច​ពិសេសមួយ​ក្នុងខេត្តកោះកុង​ទាក់ទាញ​៧៦គម្រោង ​ក្នុង​ទុន​វិនិយោគ​សរុបប្រមាណ​៥៦៧លានដុល្លារ​អាមេរិក

ចែករំលែក

ដោយៈ និស្ស័យ

    កោះកុងៈ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាងកាន់តែបង្ហាញសញ្ញាវិជ្ជមាន ដោយរហូតមកទល់ពេលនេះ តំបន់សេដ្ឋកិច្ចនេះទាក់ទាញគំរោងវិនិយោគជាច្រើន ជាមួយទំហំទុនវិនិយោគ​ប្រមាណ៥៦៧លានដុល្លារអាមេរិក។

តំបន់សេដ្ឋកិច្ចពិសេសនេះ ស្ថិតក្នុងភូមិអូរជ្រៅ ភូមិផ្លោង ឃុំបឹងព្រាវ និងភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ព័ត៌មាននេះត្រូវបានបង្ហាញក្នុងឱកាស លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំគណៈប្រតិភូ គ.វ.ក. បំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ក្នុងគោលបំណងដើម្បីពិនិត្យមើល ពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងការវិនិ​យោគនៅក្នុងតំបន់នេះ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយក្រៃលែង ពីសំណាក់អ្នកអភិវឌ្ឍន៍តំបន់ វិនិយោគិន រួមទាំងមន្ត្រីដែលជាតំណាងក្រសួង-ស្ថាប័ននានា ប្រចាំនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង។

តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ជាតំបន់សេដ្ឋកិច្ចពិសេ​សមួយដែលមានទំហំផ្ទៃដីធំ និងមានសន្ទុះលឿនក្នុងការអភិវឌ្ឍបន្ទាប់ពីបានបង្កើតឡើងនៅឆ្នាំ២០២៤ ក្នុងនីតិកាលទី៧នៃរដ្ឋសភា។

ជាក់ស្តែង ក្នុងអំឡុងពេលជាង២ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសនេះបានធ្វើការអភិវឌ្ឍលើផ្ទៃដីប្រមាណ៤៥% នៃផ្ទៃដីសរុបដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញអគ្គិសនី អាងស្តុកទឹក រោងចក្រផលិតទឹកស្អាត និងកន្លែងស្នាក់នៅបុគ្គលិកកម្មករ ។ ល ។ និងទទួលបានការវិនិយោគចំនួន៧៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង៥៦៧លានដុល្លារអាមេរិក ក្នុងនោះគំរោងចំនួន៤១ កំពុងសាងសង់ និងគំរោងចំនួន៣៥ ទៀតបាននិងកំពុងដំណើរការសកម្មភាពរបស់ខ្លួន ដែលបានស្រូបទាញកំលាំងពលកម្ម ក្នុងស្រុកសរុបចំនួនជាង៥.០០០នាក់ ហើយកំពុងមានតម្រូវការ កម្លាំងពលកម្មបន្ថែមប្រមាណ៣.០០០នាក់ទៀតផងដែរ។

សកម្មភាពវិនិយោគទាំងនេះបាន និងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗ ជាពិសេសឧស្សាហកម្មផលិតគ្រឿងបង្គំសង្ហារឹម និងផលិត​ផលគ្រឿងសង្ហារឹម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ (មិនក្រោម៣៥០ដុល្លារអាមេរិកក្នុងមួយខែ) ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មកពីបណ្តាខេត្តឆ្ងាយៗផងដែរ។ វឌ្ឍនភាពនៃការរីកចម្រើនលូតលាស់ នៃតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏ជាការបង្ហាញពីជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលទោះបីក្នុងបរិការណ៍ នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក៏ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតែបោះជំហានទៅមុខឥតឈប់ឈរ៕


ចែករំលែក