វិនិយោគិន​ចម្រុះ​ជាតិ​សាសន៍​សម្រុក​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: អ្នកទិញអចលនទ្រព្យដែលមានទ្រព្យសម្បត្តិច្រើនស្តុកស្តម្ភមកពីប្រទេសប៉ូឡូញ អាមេរិក និងបណ្តាប្រទេសអារ៉ាប់កំពុងសម្រុកហូរចូលទីក្រុងម៉ាឌ្រីដ និងតំបន់ឆ្នេរសមុទ្រ Costa del Sol ដ៏ល្បីល្បាញរបស់ប្រទេសអេស្ប៉ាញ។

អ្នកទិញទាំងនោះស្វែងរកលំនៅឋានប្រណីត និងគេចចេញពីសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក៏ដូចជាភាពចលាចលនយោបាយនៅសហរដ្ឋអាមេរិក។

ជាយូរមកហើយ ប្រទេសអេស្ប៉ាញ គឺជាគោលដៅដ៏ទាក់ទាញសម្រាប់ជនជាតិអង់គ្លេស និងអាល្លឺម៉ង់។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិនចម្រុះជាតិសាសន៍ ដែលកំពុងធ្វើពិពិធកម្មទ្រព្យសម្បត្តិរបស់ពួកគេ និងគេចចេញពីអស្ថិរភាព បានហូរចូលប្រទេសអេស្ប៉ាញយ៉ាងច្រើន។

«មិនថាជនជាតិអ៊ុយក្រែន ឬជនជាតិប៉ូឡូញដែលតាំងទីលំនៅលើកោះ Costa del Sol ឬជនជាតិអាមេរិកដែលមកប្រទេសអេស្ប៉ាញទេ មូលហេតុទូទៅគឺស្ថានភាពភូមិសាស្ត្រនយោបាយ»។នេះបើតាមលោកស្រី Rebeca Caballero ប្រធាននាយកដ្ឋានអន្តរជាតិរបស់ភ្នាក់ងារអចលនទ្រព្យ Gilmar។

យោងតាមទិន្នន័យចុះបញ្ជីអចលនទ្រព្យកាលពីឆ្នាំមុនបានឱ្យដឹងថា ចំនួនជាង៣៩ភាគរយនៃការលក់ផ្ទះសរុបទាំងអស់នៅក្នុងខេត្តទេសចរណ៍សំខាន់ៗ រួមទាំង ខេត្ត Malaga នៅលើកោះ Costa del Sol ខេត្ត Alicante នៅលើកោះ Costa Blanca និងកោះ Balearic សុទ្ធតែមានអ្នកទិញជាជនបរទេស។

អ្នកទិញមកពីប្រទេសប៉ូឡូញ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអឺរ៉ុប បានវិនិយោគលើអចលនទ្រព្យនៅតាមឆ្នេរសមុទ្ររបស់អេស្ប៉ាញចាប់តាំងពីឆ្នាំ ២០២០។ ប៉ុន្តែការទិញរបស់ពួកគេបានកើនឡើងបីដងចាប់តាំងពីជំងឺរាតត្បាត។

នៅទូទាំងប្រទេសអេស្ប៉ាញ ជនជាតិអាមេរិកគ្របដណ្តប់ចំនួន២ភាគរយនៃការទិញអចលនទ្រព្យសរុបដោយជនបរទេស និងបានចំណាយប្រាក់ជាមធ្យមខ្ពស់បំផុតទី៣ បន្ទាប់ពីជនជាតិស៊ុយអែត និងអាល្លឺម៉ង់៕ប្រភព: Reuters៕


ចែករំលែក